(​ហាណូយ)៖ អាជ្ញាធរឧតុនិយម​វៀតណាម នៅថ្ងៃសុក្រនេះ​បានព្យាករណ៍ថា តំបន់ភាគខាងជើង​នៃប្រទេស​វៀតណាម អាចនឹងរងគ្រោះ​ដោយសារទឹកជំនន់ និងគ្រោះរអិលបាក់ដី​ជាច្រើននៅក្នុង​ឆ្នាំ២០១៧នេះ។ នេះបើតាមការ​ចេញផ្សាយ​ដោយ​ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃសុក្រ ទី០២ ខែមិថុនា ឆ្នាំ២០១៧។

យោងតាម​មជ្ឈមណ្ឌលព្យាករណ៍​អាកាសធាតុវៀតណាម តំបន់ភាគខាងជើង​នៃប្រទេស ទំនងជាត្រូវប្រឈមមុខ​នឹងគ្រោះទឹកជំនន់ ក៏ដូចជា​គ្រោះរអិលបាក់ ដែលបង្កឡើង​ដោយភ្លៀងធ្លាក់​យ៉ាងខ្លាំង ចាប់ពីខែមិថុនា ដល់ខែសីហា។ ព្រមពេលជាមួយគ្នា អាជ្ញាធរវៀតណាម​ក៏បាន ប្រកាសផងដែរ​ឱ្យប្រជាជនរបស់ខ្លួន​ រស់នៅតាមតំបន់ចំនួន ១៤ ក្នុងចំណោម​តំបន់ចំនួន ១៨ នៃបណ្តាខេត្តភាគខាងជើង ត្រូវបង្កើនការប្រុង​ប្រយ័ត្នខ្ពស់ជានិច្ច។

គួរបញ្ជាក់ថា រយៈពេល០៥​ខែដំបូង ក្នុងឆ្នាំ២០១៧នេះ គ្រោះធម្មជាតិក្នុង​ប្រទេសវៀតណាម បានផ្ដាច់យក​អាយុជីវិតមនុស្ស​០៩នាក់ និង១៦នាក់ផ្សេងទៀតរងរបួស ខណៈលំនៅដ្ឋាន​ជាង ៥,០០០ខ្នង និងដីស្រែ ៨,៧០០ហិកតា​ត្រូវបានបំផ្លាញ​ ដោយគិតជាទឹកប្រាក់​ស្មើនឹង ១១លានដុល្លារអាមេរិក៕