(អាមេរិក)៖ ពេលនេះសង្គម​អាមេរិកទាំងមូល ហាក់បីដូចជា​កំពុងជួបប្រទះនឹងការបែក​បាក់​ និងខ្វែងគំនិតគ្នា បន្ទាប់ពីប្រធានាធិបតី លោក ដូណាល់ ត្រាំ បាន​សម្រេច​ចិត្តថា នឹងដកប្រទេស​មហាអំណាច​ពិភពលោកមួយនេះ ចេញពី​កិច្ចព្រមព្រៀង​ស្តីពីបម្រែបម្រួល​អាកាសធាតុ ទីក្រុងប៉ារីស ខណៈអភិបាល​ក្រុងជាង ៦០រូប​​ ដែលតំណាងឲ្យប្រជាជនអាមេរិករាប់សិបលាននាក់ បែរជាបានប្រកាសក្តែងៗថា នឹងបន្តគាំទ្រក៏ដូចជាគោរពតាម កិច្ចព្រមព្រៀងនេះ ដើម្បីចូលរួម​ការ​ពារ​ភពផែនដីជាមួយអន្តរជាតិ​តទៅមុខទៀត ដោយមិនខ្វល់ពី​ការសម្រេចចិត្ត​ នៃមេដឹកនាំរបស់​ពួកគេឡើយ។ នេះបើតាម​ការចេញផ្សាយទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិនហួរ នៅព្រឹក​ថ្ងៃសុក្រ ទី០២ ខែឧសភា ឆ្នាំ២០១៧។

អភិបាលក្រុងខាងលើ​នេះ សុទ្ធតែជាសមាជិកក្នុងអង្គការ Mayors National Climate Action Agenda (MNCAA) ឬ Climate Mayors ដែលជាបណ្តាញ​នៃ​អភិ​បាល​ក្រុង​សរុប​ ៨៨​​នាក់ និងតំណាង​ឲ្យពលរដ្ឋអាមេរិកជាង ៤៣លាននាក់ នៅទូទាំងសហរដ្ឋអាមេរិក ដើម្បីរួមសាមគ្គីគ្នា​ពង្រឹងកិច្ចខិតខំប្រឹងប្រែង​ នៅតាម​តំបន់រៀង​ៗខ្លួន ដើម្បីកាត់បន្ថយ​ឧស្ម័នផ្ទះកញ្ចក់។ ជា​ការឆ្លើយតបចំពោះ​សេចក្តីប្រកាស​របស់ លោក ដូណាល់ ត្រាំ ក្នុងការដក​សហរដ្ឋអាមេរិក​ចេញពី​កិច្ច​ព្រមព្រៀង​បម្រែបម្រួលអាកាសធាតុ​ទីក្រុងប៉ារីស អង្គការ MNCAA ដែលដឹកនាំ​ដោយអភិបាល​ក្រុង Los Angeles លោក Eric Garcetti បានចេញ​សេច​ក្តីថ្លែងការណ៍​មួយថា ពួកគេនឹង​បន្តអនុវត្តន៍ គោរព និងគាំទ្រ​កិច្ចព្រមព្រៀងនេះ​ដដែល។

គួរបញ្ជាក់ថា គិតមកទល់រសៀល​ថ្ងៃព្រហស្បតិ៍​សប្តាហ៍នេះ (ពេលវេលានៅអាមេរិក) អភិបាលក្រុងចំនួន ៦១រូប បានចុះឈ្មោះរបស់ពួកគេ នៅក្នុងសេចក្តី​ថ្លែងការណ៍​រួមខាងលើ រួមបញ្ចូលទាំង​អភិបាលក្រុងស្ទើរតែទាំងអស់​មកពីទីក្រុងធំៗ នៅសហរដ្ឋអាមេរិក ដូចជា New York, Los Angeles, Chicago, Houston, San Francisco, Seatlle, Phoenix, និង Denver ផងដែរ៕