(ម៉ានីល)៖ យ៉ាងហោចណាស់សាកសពមនុស្ស ៣៤នាក់ ត្រូវបានប្រមូលយកពីកន្លែងបាញ់ប្រហារគ្នា និងអគ្គីភ័យ ស្ថិតនៅទីកន្លែងកម្សាន្ត សណ្ឋាគារ-កាស៊ីណូ ដ៏ល្បីល្បាញខ្នាតអន្តរជាតិ​ក្នុងទីក្រុងម៉ានីល Resorts World Manila ដែលមិនទាន់ដឹងថា ក្រុមណាមួយ​ជាអ្នកស្ថិតនៅ​ពីក្រោយរឿងនេះ​ ឲ្យច្បាស់លាស់នៅឡើយទេ។ នេះបើតាមការ​ចេញផ្សាយនៅ​មុននេះបន្តិច ដោយសារព័ត៌មាន​រុស្ស៊ី Sputnik នាព្រឹកថ្ងៃសុក្រ ទី០២ ខែមិថុនា ឆ្នាំ២០១៧។

វិទ្យុក្នុងស្រុករបស់ហ្វីលីពីន បានចេញផ្សាយជាបន្តបន្ទាប់ថា ការបាញ់ប្រហារគ្នាធ្វើឡើងដោយខ្មាន់កាំភ្លើង​មួយចំនួន ហើយក៏មានផ្ទុះករណីបុរសម្នាក់ធ្វើអត្តឃាតដោយដុតខ្លួនឯង នៅក្នុងកាស៊ីណូ​ដ៏ល្បីល្បាញលំដាប់អន្តរជាតិ នៃទីក្រុងម៉ានីល ភាគខាងជើងប្រទេសហ្វីលីពីន ហើយក្រៅពីមនុស្សស្លាប់ទាំង ៣០នាក់នោះ គឺមនុស្ស៥៤នាក់ផ្សេងទៀតបានទទួលរងរបួសធ្ងន់ និងស្រាល ហើយត្រូវបាន​បញ្ជូនទៅសម្រាក​ព្យាបាលនៅមន្ទីរពេទ្យ ទាំងព្រឹកថ្ងៃសុក្រនេះតែម្តង។

ប៉ូលិសហ្វីលីពីនបានអះអាងថាទៀត មនុស្សស្លាប់​ភាគច្រើន ត្រូវបានប៉ូលិសរកឃើញ​នៅជាន់ទី២ និងទី៣ របស់បរិវេណ​អគារកាស៊ីណូ។ ប៉ូលិសមុនដំបូង​បានអះអាងថា បុរសដែលបាន​សម្លាប់ខ្លួននោះ គឺជាអ្នក​បង្កអគ្គីភ័យ ដែលបណ្តាលឲ្យ​មនុស្សម្នាជាច្រើននាក់ស្លាប់ និងរងបួស ប៉ុន្តែសាក្សី​ដែលបានឃើញ​ហេតុការណ៍​ផ្ទាល់ភ្នែក បានលើកឡើងថា គេឃើញខ្មាន់​កាំភ្លើងមួយ​ចំនួនទៀត នៅក្នុងអគារ​សណ្ឋាគារ-កាស៊ីណូខាងលើនេះ ដែលពួកគេបានចាប់ផ្តើមសកម្មភាព ពីទីកន្លែងកម្សាន្តមួយក្នុងអគារ។

សម្រាប់ព័ត៌មាន​លម្អិតបន្ថែម នឹងមានការចេញ​ផ្សាយនាពេល​បន្តិចទៀតនេះ៕