(សេអ៊ូល)៖ អ្នកជំនាញអាមេរិកម្នាក់​បានកត់សម្គាល់ថា​ ម៉ូទ័រ​ដែលកូរ៉េខាងជើងប្រើប្រាស់ក្នុង​ការអភិវឌ្ឍន៍​មីស៊ីលផ្លោង​រយៈចំងាយ​មធ្យមប្រភេទថ្មី ទំនងជា​មានប្រភពមកពី​បរទេស ដូចជា​អ៊ុយក្រែន និងរុស្ស៊ីជាដើម។ នេះបើតាម​ការចេញផ្សាយ​ដោយ​ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃសុក្រ ទី០២ ខែមិថុនា ឆ្នាំ២០១៧។

កូរ៉េខាងជើង​បានធ្វើតេស្ដ​ដោយជោគជ័យ​ មីស៊ីលផ្លោង Hwasong 12 កាលពី​ថ្ងៃទ១៤ ខែឧសភា ដោយគ្រាប់មីស៊ីលនេះ អាចហោះបាន​រយៈកម្ពស់​អតិបរមា ២,១១១.៥គីឡូម៉ែត្រ និងរត់បាន​ចំងាយ ៧៨៧គីឡូម៉ែត្រ មុននឹងធ្លាក់ចូលក្នុង​សមុទ្រជប៉ុន។ ទន្ទឹមគ្នានេះដែរ បើតាមក្រុមអ្នក​ជំនាញដូចជា លោក Michael Elleman មីស៊ីល​ប្រភេទនេះ អាចបាញ់បានរយៈកម្ពស់​ដល់ទៅ ៤,៥០០គីឡូម៉ែត្រ​ឯណោះ បើសិនជាវាត្រូវ​បានបាញ់ចេញពី​មុំធម្មតា ហើយដែលនេះ​គឺបង្ហាញថា កូរ៉េខាងជើងនឹងមាន​សមត្ថភាពផលិត​មីស៊ីលផ្លោង​ឆ្លងទ្វីប ICBM នៅពេលអនាគតដ៏ខ្លីខាងមុខនេះ។

ជាមួយគ្នានោះដែរ ថ្លែងនៅក្នុងវេទិកា​មួយរៀបចំ​ដោយ 38 North លោក Michael Elleman បានគូសបញ្ជាក់យ៉ាង​ដូច្នេះថា «សម្រាប់ខ្ញុំកម្មវិធី​មីស៊ីល​កូរ៉េខាងជើង គឺជាបញ្ហា​ដ៏ធំ... ហើយខ្ញុំ​យល់ថា ម៉ូទ័រដែលកូរ៉េខាងជើង​ប្រើប្រាស់ ក្នុងការអភិវឌ្ឍ​មីស៊ីល​ប្រភេទថ្មី គឺមានប្រភព​មកពីប្រទេស​អ៊ុយក្រែន ឬក៏រុស្ស៊ី ពីព្រោះម៉ូទ័រ​នេះមានភាពខុសគ្នា​ទៅនឹង​ប្រភេទម៉ូទ័រ ដែលយើងធ្លាប់​បានឃើញប្រើ​នៅកូរ៉េខាងជើង ពោលគឺវា​អាចជាប្រភេទ​ម៉ូទ័រគេហៅថា RD-​250 មកពីរុស្ស៊ី តែម្ដងក៏ថា​បាន»។   

គួរបញ្ជាក់ថា បើទោះជា​សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងមិនទាន់ទទួល​ស្គាល់ចំៗ​ពីសមត្ថភាពមីស៊ីល ឬអាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ក៏ដោយ ប៉ុន្តែ ក្រុមអ្នកជំនាញ​មួយចំនួនសន្និដ្ឋានថា ទីក្រុងព្យុងយ៉ាង​អាចនឹងផលិតបាន​មីស៊ីលផ្លោងទ្វីប ICBM បាញ់ដល់​សហរដ្ឋអាមេរិក យ៉ាងយូរនៅ​ឆ្នាំ២០២០ ឬ២០២១៕