(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ​បាននិយាយថា ការសម្រេចចិត្ត​របស់ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចថា នឹងដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀង​ទីក្រុងប៉ារីស​ ស្ដីពីបម្រែបម្រួលអាកាសធាតុ នឹងបំផ្លាញដល់​ផលប្រយោជន៍​អាមេរិក និងប្រជាជនខ្លួនឯងតែ​ប៉ុណ្ណោះ ហើយថែមទំាងអះអាងថា គ្មានផ្លូវចរចាកិច្ចព្រមព្រៀងនេះ​ឡើងវិញនោះទេ។ នេះបើតាមការ​ចេញផ្សាយដោយ ​សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី០២ ខែមិថុនា ឆ្នាំ២០១៧។   

ការសម្រេចចិត្តរបស់ លោក ដូណាល់ ត្រាំ មិនមែនជារឿង​គួរឱ្យភ្ញាក់ផ្អើលអ្វីនោះទេ ត្បិតលោកធ្លាប់​បានអះអាងជា​ច្រើនដង​ តំាងពីអំឡុងយុទ្ធនាការ​ឃោសនាបោះឆ្នោតមកម្លេះថា នឹងដកសហរដ្ឋអាមេរិក​ ចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ សម្រាប់ លោក ត្រាំ ដែលជាមេដឹកនាំ​ប្រទេសបំពុល​ពិភពលោក​ខ្លាំងជាងគេ កិច្ចព្រមព្រៀងនេះ​គឺបង្កផលប៉ះពាល់​ដល់សេដ្ឋកិច្ច និងការងារនៅក្នុង​សហរដ្ឋអាមេរិក ព្រមទាំងធ្វើឱ្យ​ទន់ខ្សោយអធិបតេយ្យភាព​អាមេរិក ក៏ដូចជាអនុញ្ញាត​ឱ្យប្រទេសដទៃ​ នៅលើពិភពលោកទាញ​យកផលប្រយោជន៍ ជាអចិន្ត្រៃយ៍ពី​សហរដ្ឋអាមេរិក។

ដោយឡែក​ឆ្លើយតបទៅនឹង​ការសម្រេចចិត្ត​នេះដែរ លោក ម៉ាក្រុង លើកឡើង​យ៉ាងដូច្នេះថា «លោក ត្រាំ បានប្រព្រឹត្តកំហុស​ធ្វើឱ្យប៉ះពាល់ដល់​ផលប្រយោជន៍ នៃប្រទេស​របស់គាត់ ប្រជាជនរបស់គាត់ ហើយកំហុសនេះ​ទៀតសោត គឺសម្រាប់អនាគតផែនដី​របស់យើង​ទំាងមូល...ខ្ញុំសូមប្រាប់អ្នក (លោក ត្រាំ) ឱ្យច្បាស់​នៅយប់នេះថា យើងនឹងមិនចរចា​កិច្ចព្រមព្រៀងនេះ​ឡើងវិញនោះទេ វាគ្មានផ្លូវឡើយ»

គួរបញ្ជាក់ថា បើទោះជា​លោក ដូណាល់ ត្រាំ សម្រេចចិត្តថា​នឹងដកសហរដ្ឋអាមេរិក  ដែលជាប្រទេស​បំពុលពិភពលោក​ខាំ្លងជាងគេ ចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលចុះហត្ថលេខា​ដោយអតីតប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា ក៏ដោយ ប៉ុន្តែលោក ត្រាំ នៅតែបង្ហាញពី​ឆន្ទៈចង់ចរចា កិច្ចព្រមព្រៀងនេះឡើងវិញ ផ្អែកលើផលប្រយោជន៍​សហរដ្ឋអាមេរិក៕