(វ៉ាស៊ីនតោន)៖ ដូចទៅនឹងសេចក្តីរាយការណ៍ព័ត៌មាន​ កាលពីខែឧសភាកន្លង​ទៅមិនខុសមែន ទីបំផុតប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​សម្រេចចិត្ត​មិនធ្វើការផ្លាស់ប្តូរ ស្ថានទូតអាមេរិក​ប្រចាំប្រទេសអ៉ីស្រាអែល ទៅកាន់ទីក្រុង​ហ្សេរុយសាឡឹមឡើយ សម្រាប់ពេលនេះ ដោយបានចុះហត្ថលេខា​​លើអនុស្សរណៈមួយ ដែលតម្រូវឲ្យ​ស្ថានទូតបន្តស្ថិតក្នុង​ទីក្រុង តែល អាវីវ (Tel Aviv) សម្រាប់រយៈពេលយ៉ាង​ហោចណាស់ ០៦ខែទៀត។ នេះបើតាម​ការ​ចេញផ្សាយដោយ​សារព័ត៌មាន Bloomberg នៅព្រឹកថ្ងៃសុក្រ ទី០២ ខែឧសភា ឆ្នាំ២០១៧។

យ៉ាងណាមិញ​យោងតាមសេចក្តីថ្លែងការណ៍​របស់សេតវិមាន លោក ដូណាល់ ត្រាំ នៅតែបន្តប្តេជ្ញា​គាំទ្រចំពោះអ៉ីស្រាអែល​ដដែល ហើយគង់​តែ​នឹង​ធ្វើ​ផ្លាស់ប្តូរទីតាំង​ស្ថានទូតអាមេរិក​នោះទេ គ្រាន់តែមិនដឹងឲ្យ​ប្រាកដថា នៅពេលណា។ ដោយឡែកសម្រាប់ពេលនេះ លោក ត្រាំ បាន​សម្រេច​ជ្រើស​រើស​​ធ្វើ​ការ​អូស​បន្លាយ​ពេលវេលាបែបនេះ ព្រោះលោកដឹងថា បើមិនដូច្នោះទេ វានឹងធ្វើឲ្យប៉ាឡេស្ទីន​រង្គាសចិត្ត ហើយជះ​ផលប៉ះពាល់ដល់​ការ​ចរចា​ ដើម្បី​សម្រេចឲ្យបាននូវ​កិច្ចព្រមព្រៀង​សន្តិភាពរវាង​អ៉ីស្រាអែល និងប៉ាឡេស្ទីន។

គួរជំរាបថា កាលពីឆ្នាំ១៩៩៥ សភាអាមេរិក​បានសម្រេចអនុម័ត​គាំទ្រច្បាប់មួយ ដែលតម្រូវឲ្យ​អាមេរិកតាំងស្ថានទូត​របស់ខ្លួន នៅក្នុងទីក្រុង​ហ្សេរុយសាឡឹម ក៏ប៉ុន្តែគិតចាប់​តាំងពីពេល​នោះមក រាល់ប្រធានាធិបតី​អាមេរិក បានសម្រេច​ពន្យាពេលការអនុវត្តន៍​ច្បាប់នេះ​ ជារៀងរាល់ពេល​០៦ខែម្តង។ ​ម៉្យាង​វិញ​ទៀត​​ស្ថាន​ភាព​នៃទីក្រុង Jerusalem នាសព្វថ្ងៃនេះ​នៅ​តែបន្តជាបញ្ហា​​ស្នូលដ៏សំខាន់​ នៅក្នុងវិបត្តិ​​អ៉ីស្រាអែល-ប៉ាឡេស្ទីន ហើយមកទល់ពេល​នេះ​ សហគមន៍​អន្តរជាតិ​​ពុំមានការទទួល​ស្គាល់ Jerusalem ថាជារដ្ឋធានី​​របស់ប្រទេស​អ៉ីស្រាអែលឡើយ។ បន្ថែមពីនេះ​ក៏គ្មានប្រទេស​ណាមួយ ដាក់​ស្ថាន​ទូត​របស់​ពួកគេនៅក្នុង​​ទីក្រុងនេះដែរ។

គួររំលឹកដែរថា កាលពីអំឡុង​​នៃការធ្វើយុទ្ធនាការ​​ឃោសនា បោះឆ្នោតជ្រើសរើស​​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់​បានសន្យា​​យ៉ាង​មុតមាំថា នឹងផ្លាស់ប្តូរស្ថាន​ទូត​អាមេរិក​ពីទីក្រុង Tel Aviv នៃប្រទេសអ៉ីស្រាអែល​​ទៅកាន់​ទីក្រុង Jerusalem ដ៏​ចម្រូងចម្រាស ហើយ​អនុប្រធានាធិបតី​​អាមេរិកបច្ចុប្បន្ន លោក Mike Pence បានថ្លែងកាល​ពី​ដើមខែឧសភា​នេះថា លោក ត្រាំ បាន​និង​កំពុងធ្វើការពិចារណា​ យ៉ាងយកចិត្តទុកដាក់​ជា​ទីបំផុត ចំពោះការផ្លាស់ប្តូរ​​ទីតាំងនេះ៕