(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានវាយប្រហារពាក្យសម្តីយ៉ាងចាស់ដៃទៅលើ ​កូនស្រីរបស់ លោកស្រី ហ៊ីលឡារី គ្លីនតុន បន្ទាប់ពី​​អ្នកនាង ឈែលស៊ី គ្លីនតុន បានធ្វើការរិះគន់ធ្ងន់ៗ​ចំពោះ ការអត្ថាធិប្បាយបែប​លេងសើចមួយ ដែល លោក ឌូតឺតេ បានធ្វើឡើងទាក់ទិននឹង​​ករណី​រំលោភ​បំពានផ្លូវភេទ ដែល​ប្រព្រឹត្ត​ដោយ​ពល​ទាហាន។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី០២ ខែមិថុនា ឆ្នាំ២០១៧។

នាពេលថ្មីៗនេះ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានថ្លែងប្រាប់ទៅកាន់​កងកម្លាំងយោធាថា រូបលោកនឹង​ទទួលខុសត្រូវទាំងស្រុង ចំពោះរាល់ទង្វើ​ទាំងឡាយ​ណា ​ដែលពលទាហានបានប្រព្រឹត្ត ក្នុងអំឡុងពេល​នៃការអនុវត្តន៍​ច្បាប់អាជ្ញាសឹក ដែលត្រូវបានដាក់​ចេញកាលពីថ្ងៃអង្គារ​សប្តាហ៍មុន​ ទៅ​លើទូទាំង​កោះ Mindanao ភាគ​ខាង​ត្បូង​​ប្រទេសហ្វីលីពីន ជាមួយសុពលភាព​ចំនួន៦០ថ្ងៃ សូម្បីតែនៅពេល​ដែលយោធិនណាម្នាក់ រំលោភស្រ្តីភេទ​ដល់ទៅបី​នាក់ក៏ដោយ។

ជុំវិញសម្តីរបស់លោក ឌូតឺតេ អ្នកនាង ឈែលស៊ី បានបង្ហោះសារលើបណ្តាញសង្គម Twitter ថា «វាមិនគួរឲ្យអស់សំណើចសូម្បីតែបន្តិចសោះឡើយ» ហើយបន្តិចក្រោយមកកូនស្រីរបស់លោកស្រី គ្លីនតុន រូបនេះ បានបង្ហោះសារមួយថែមទៀតថា «លោក ឌូតឺតេ គឺជាឧក្រិដ្ឋជនដែលប្រព្រឹត្តអំពើឃាត​កម្ម ដោយមិនខ្វាយខ្វល់ពីសិទ្ធិមនុស្សនោះឡើយ»។

បន្ទាប់ពីបានជ្រាបអំពីសាររិះគន់ធ្ងន់ៗ​ទាំងអស់នោះ លោក​ប្រធានាធិបតីហ្វីលីពីន ក៏បានព្រលះថា «ស្រីសំផឹង​ទាំងនេះ​ដូចជានាង ឈែលស៊ី នៅពេល​ដែលពួកគេ​លឺពាក្យថា រំលោភ ក៏ធ្វើការរិះគន់ខ្ញុំភ្លាម។ ខ្ញុំមិនបាននិយាយលេងកំប្លែងឡើយ ប៉ុន្តែខ្ញុំនិយាយបញ្ឈឺដើម្បីធ្វើជាការក្រើនរំលឹកដល់ពល​ទា​ហានទៅវិញទេ ដោយខ្ញុំចង់ឲ្យពួកគេដឹងថា អ្វីៗដែលពួកគេប្រព្រឹត្តនឹងក្លាយជាបន្ទុករបស់រូបខ្ញុំ​»។

លោក ឌូតឺតេ ក៏បានសួរទៅកាន់អ្នកនាង ឈែលស៊ី យ៉ាងដូច្នេះថា «តើនៅពេលដែល​អតីតប្រធានាធិបតី​អាមេរិក លោក ប៊ីល គ្លីនតុន កំពុងរួមរ័ក្ស​ជាមួយនាង Monika Lewinsky ដែល​ជា​ស្រី​កំណាន់​​របស់​ខ្លួន នៅ​ឯសេតវិមាននោះ តើនាងមានអារម្មណ៍ និងប្រតិកម្មបែបណាវិញ? តើនាងរិះគន់លើ​ឪពុកបង្កើតរបស់​នាងដែរ ឬទេ?»។

គួរបញ្ជាក់ថា កងទ័ពហ្វីលីពីន បាននិងកំពុងធ្វើការប្រយុទ្ធតទល់យ៉ាងស្វិតស្វាញ ជាមួយក្រុមឧទ្ទាម ISIS នៅក្នុងទីក្រុង Marawi ដែលស្ថិតនៅលើកោះ Mindanao ចាប់តាំងពីថ្ងៃអង្គារសប្តាហ៍មុនមកម៉្លេះ៕