(វ៉ាស៊ីនតោន)៖ កងទ័ពអាមេរិក​នឹងធ្វើតេស្តបាញ់ទម្លាក់​ មីស៊ីលផ្លោងអន្តរទ្វីប ICBM សាជាថ្មីម្តងទៀត នៅឆ្នាំ២០១៨ខាងមុខ បន្ទាប់ពីការសាកល្បង​​ដោយជោគជ័យ​ កាលពីនាពេលថ្មីៗនេះ ស្របពេលដែល​កម្មវិធីអាវុធនុយក្លេអ៊ែរ​របស់ប្រទេស​កូរ៉េខាងជើង កំពុងមានការវិវឌ្ឍទៅមុខកាន់តែខ្លាំង​ឡើង។ នេះបើតាម​ការដកស្រង់​ការផ្សាយ​ ចេញពីសារព័ត៌មាន Channel News Asia នៅ​ព្រឹកថ្ងៃសុក្រ ទី០២ ខែមិថុនា ឆ្នាំ២០១៧។

យោងតាមមន្រ្តី​ជាន់ខ្ពស់មួយរូប​នៃក្រសួងការពារជាតិ​អាមេរិក ការធ្វើសាកល្បងបាញ់​ស្ទាក់មីស៊ីលផ្លោង ICBM បន្ទាប់ នឹងប្រព្រឹត្តទៅ​នាចុងឆ្នាំ​២០១៨ ក្រោយការធ្វើតេស្ត​ កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានសម្រេច​ទៅដោយជោគជ័យ​ជាលើកដំបូងបំផុត ក្នុងការកម្ទេច​គោលដៅ ដែល​បាន​ហោះសំដៅ​មកកាន់​សហរដ្ឋអាមេរិក ហើយវាក៏ជា​សមិទ្ធិផលដ៏​សំខាន់មួយ ក្នុងការពង្រឹង​សមត្ថភាពការពារ​គ្រាប់មីស៊ីល​ របស់ប្រទេស​មហាអំណាច​ពិភពលោក​នេះផងដែរ។ ជាមួយគ្នានេះ​ មេបញ្ជាការកងទ័ព Jim Syring និងជានាយកទីភ្នាក់ងារ​ការពារមីស៊ីលអាមេរិក បានឲ្យដឹងទៀតថា ប្រព័ន្ធបាញ់​ស្ទាក់មីស៊ីល​ចំនួន ៤៤គ្រឿង នឹងត្រូវដាក់ឲ្យ​ដំណើរការនាចុងឆ្នាំ២០១៧នេះ។

គួរបញ្ជាក់ថា ការធ្វើតេស្ត​សាកល្បងនៃប្រព័ន្ធ​ការពារមីស៊ីលផ្លោង​ដ៏ទំនើប និងចំណាយលុយ​រាប់រយលានដុល្លារ​ក្នុងមួយលើកៗ របស់សហរដ្ឋ​អាមេរិក​នេះ ត្រូវបានធ្វើឡើង​ស្របពេលដែល​កូរ៉េខាងជើង នៅតែបន្តអភិវឌ្ឍន៍​កម្មវិធីអាវុធ​ប្រល័យលោក​របស់ខ្លួន ក្នុងគោលបំណង​សម្រេចឲ្យ​បាន​ នូវគ្រាប់មីស៊ីល​ផ្លោង​អន្តរទ្វីប ICBM ដែលមានសមត្ថភាព​បំពាក់ក្បាលគ្រាប់​នុយក្លេអ៊ែរ ហើយអាចបាញ់ដល់​សហរដ្ឋអាមេរិក៕