(អ៊ីតាលី)៖ មេដឹកនាំកំពូល​នៃប្រទេស G7 ដែលក្នុងនោះ​មានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ផងដែរ បានសម្រេចចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ ក្នុងន័យបង្កើនកិច្ចសហប្រតិបត្តិការរវាងប្លុកដ៏មាន​ឥទ្ធិពលបំផុតលើលោកនេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ខណៈដែលក្តីព្រួយបារម្ភ​កំពុងតែកើន​ឡើងយ៉ាងខ្លាំង បន្ទាប់ពីការវាយប្រហារភេរវកម្មស្លាប់មនុស្ស ២២នាក់ និងរបួស ៦៤នាក់នៅអង់គ្លេស​កាលពីដើមសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃសៅរ៍ ទី២៧ ខែឧសភា ឆ្នាំ២០១៧។

សេចក្តីថ្លែងការណ៍ដែលឈរលើ ១៥ចំណុចខាងលើនេះ​បានចែងថា ការប្រយុទ្ធប្រឆាំងនឹង «ពួកបង្កអំពើ​ហិង្សាដ៏ជ្រុលនិយម ហើយនេះវា​រឿងដែលកំពុងនាំមុខគេ​របស់ G7 ដែលត្រូវតែធ្វើ​ការប្រយុទ្ធប្រឆាំង... ជាការប្រយុទ្ធប្រឆាំង​ក្នុងកម្រិតខ្ពស់ តាមរយៈកិច្ចការពារ​ដ៏មុតមាំបំផុត ការស៊ើបអង្កេត និងកាត់ទោស​ចំពោះរាល់អំពើភេរវកម្មទាំងអស់ ព្រមទាំងអ្នកពាក់ព័ន្ធ និងអ្នកគាំទ្រអំពើទាំងនោះ»

បន្ថែមពីនេះទៀត មេដឹកនាំទាំងអស់​ក៏បានប្តេជ្ញាផងដែរក្នុងការ «ប្រយុទ្ធប្រឆាំង​ការប្រើប្រាស់​អ៊ីធើណែត ដោយភេរវករ​ដើម្បីធ្វើការគ្រប់គ្រង​កម្លាំង និងកែនអ្នកគាំទ្រ ហើយននឹងបំផ្លាញទំនាក់ទំនងរវាងពួកគេចេញពី​ក្រុមសកម្មប្រយុទ្ធដែលបង្កជម្លោះទាំងនោះ ព្រមទាំងកាត់ផ្តាច់ធនធាន និងបណ្តាញទាំងឡាយណា ដែលជួយផ្គត់ផ្គង់ហិរញ្ញវត្ថុដល់ក្រុមបង្កភេរវកម្ម»

គួរបញ្ជាក់ថា កិច្ចប្រជុំ G7 ដែលកំពុងប្រារព្ធឡើងនៅទីក្រុង Taormina នៃកោះ Sicily របស់អ៊ីតាលី មានការចូលរួមពីបណ្តាមេដឹកនាំទ្វីបអាមេរិកខាងជើង ប្រទេសជប៉ុន និងបណ្តាប្រទេសអឺរ៉ុប ដោយជាធម្មតាគេតែងតែពិភាក្សាជាគោល លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សន្តិសុខក្នុងតំបន់ និងបញ្ហានានានៅលើពិភពលោក។ ប៉ុន្តែដោយសារតែ​អង់គ្លេសជាសមាជិក G7 ទើបតែបានទទួលរង​អំពើភេរវកម្មដ៏ធ្ងន់ធ្ងរនោះ កិច្ចប្រជុំ​ក៏បានងាកមកធ្វើការផ្តោត​សំខាន់ខ្លាំងបំផុត​ទៅលើការកម្ចាត់ភេរវកម្ម ហើយវាពិតជាសមស្របទៅតាមអ្វីដែល លោក ដូណាល់ ត្រាំ ចង់បាន​ផងដែរ៕