(ប៉េកាំង)៖ រដ្ឋាភិបាលទីក្រុង​ប៉េកាំង​នាពេលថ្មីៗនេះ បានធ្វើការអំពាវនាវ​ដល់គ្រប់ភាគីពាក់ព័ន្ធ​ទាំងអស់ ឲ្យរួមគ្នាអនុវត្តន៍​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សាសន្តិសុខ​ នៃអង្គការសហប្រជាជាតិ (UNSC) ពាក់ព័ន្ធនឹងប្រទេស​កូរ៉េខាងជើង ប្រកបដោយភាពតឹងរ៉ឹង​ ម៉ឺងម៉ាត់ និងឲ្យ​អស់ពី​លទ្ធភាព។ នេះបើតាម​អ្នកនាំពាក្យក្រសួង​ការបរទេស​ចិន លោក Lu Kang ដកស្រង់ដោយ​សារព័ត៌មាន CGTN នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី២៧ ខែឧសភា ឆ្នាំ២០១៧។

ការថ្លែងបែបនេះរបស់ លោក Lu ត្រូវបានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយ នាថ្ងៃសុក្រម្សិលមិញ ស្របពេលដែល លោកស្រី Susan Thornton ឧបការីស្តីទី​របស់ក្រសួងការបរទេស​អាមេរិក កំពុងបំពេញ​ដំណើរទស្សនកិច្ច​នៅក្នុងប្រទេសចិន ដើម្បីដោះដូរ​ទស្សនៈជាមួយ​​ក្រុមមន្រ្តីចិន​ ពាក់ព័ន្ធនឹងស្ថានការណ៍​នៅតំបន់​ឧបទ្វីបកូរ៉េ។ យ៉ាងណាមិញ​ លោក Lu Kang បានគូសបញ្ជាក់​សាជាថ្មីម្តងទៀត​ អំពីជំហរ​​​របស់ចិនលើ​បញ្ហានេះ ដោយលើកឡើងថា ការលុបបំបាត់​អាវុធនុយក្លេអ៊ែរ​នៅឧបទ្វីបកូរ៉េ គួរតែធ្វើឡើង​តាមកិច្ចសន្ទនា និងកិច្ចចរចា​ដោយសន្តិវិធី។

គួរបញ្ជាក់ថា នៅថ្ងៃដដែល​នោះរដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi ដែលកំពុងធ្វើ​ទស្សនកិច្ចនៅ​ប្រទេសរុស្ស៊ី ក៏បានអំពាវឲ្យ​មាន​ដំណោះស្រាយសន្តិភាព​ លើបញ្ហានេះផងដែរ។ លោក Wang បានព្រមានថា ការប្រើប្រាស់កម្លាំងយោធា នៅឧបទ្វីបកូរ៉េ​នឹងមិនអាចជួយ​អ្វីបានក្រៅពីធ្វើ​ឲ្យស្ថានការណ៍កាន់តែ​អាក្រក់នោះ​ឡើយ៕