(ឡុងដ៍)៖ យោងតាមការឲ្យដឹងពីសំណាក់សេវាសុខាភិបាលជាតិ នៃចក្រភពអង់គ្លេសនាថ្ងៃសុក្រនេះ ពាក់ព័ន្ធនឹងការវិវឌ្ឍន៍នៃស្ថាន​ភាពរបស់ជនរងគ្រោះដែលបានទទួលរងរបួសធ្ងន់និងស្រាល ក្នុងករណីវាយប្រហារភេរវកម្មដ៏កក្រើក នៅទីក្រុង Manchester កាល​​ពីដើមសប្តាហ៍នេះ ដែលបានឆក់យកជីវិតជនស្លូតត្រង់ចំនួន២២នាក់រួមមានទាំងកុមារផងដែរនោះ មនុស្សចំនួន៦៦នាក់ កំពុង​បន្ត​សម្រាក​ព្យាបាល​ក្នុងមន្ទីរពេទ្យនៅឡើយ ខណៈជនរងគ្រោះ២៣​នាក់​​ត្រូវ​ការ ការមើលថែមទាំជាចាំបាច់បំផុត មិនអាចប្រហែស​បាន​។ នេះ​បើ​​​តាម​​​ការ​​​ចេញ​​ផ្សាយ​​ដោយ​​សារ​ព័ត៌​មាន Telegraph នៅ​យប់​ថ្ងៃ​សុក្រ ទី២៦ ខែ​ឧសភា ឆ្នាំ២០១៧។

ហេតុការណ៍​ផ្ទុះគ្រាប់បែកដ៏រន្ធត់នេះ បាន​កើតឡើងនាវេលាម៉ោង​ប្រមាណ ១០៖៣៥នាទី យប់ថ្ងៃចន្ទដើមសប្តាហ៍នេះ (ម៉ោងក្នុងតំបន់​កើតហេតុ) នៅមាត់ច្រក​​ចេញខាងក្រៅ​​​​សាលប្រគុំតន្រី្ត Manchester Arena ដែលមានការចូលរួមសម្តែងដោយតារាចម្រៀងប៉ុបដ៏ល្បី​​របស់សហរដ្ឋអាមេរិកគឺកញ្ញា Ariana Grande​ ស្របពេល​ដែលមនុស្សម្នា​ជាច្រើន ជា​ពិសេស​យុវវ័យនិងកុមារបានចាក​ចេញមកវិញ។

គួរបញ្ជាក់ថា យោងតាមប៉ូលិសអង់គ្លេស អត្តឃាតជន​បំផ្ទុះគ្រាប់បែក​មានឈ្មោះថា Salman Abedi មានអាយុ២២ឆ្នាំ ដែលមាន​ឪពុក​​​ឈ្មោះ Ramadan និងប្អូនប្រុស Hashem ត្រូវបានចាប់ឃុំខ្លួន​នៅក្នុងប្រទេស​លីប៊ី រីឯបងប្រុសឈ្មោះ Ismail ត្រូវចាប់ខ្លួន​នៅក្នុងទីក្រុង Chorlton ស្ថិតនៅភាគខាងត្បូង​ទីក្រុង Manchester កាលពីថ្ងៃអង្គារសប្តាហ៍នេះ។ មកទល់ថ្ងៃសុក្រនេះ អាជ្ញាធរចក្រភពអង់គ្លេសបាន​បន្តធ្វើការចាប់ខ្លួនជនសង្ស័យសរុបចំនួន១០នាក់ហើយ ដោយក្នុងនោះមានស្រីម្នាក់៕