(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ បានមូលមតិគ្នានៅថ្ងៃសុក្រ​នេះ ដើម្បីពង្រីកក៏ដូចជាពង្រឹងការដាក់និងអនុវត្តន៍ទណ្ឌកម្ម ប្រឆាំងនឹងប្រទេសកូរ៉េខាងជើង សម្រាប់ភាពរឹងទទឹងឥតចុះញ៉មរបស់​រដ្ឋកុម្មុនិស្តមួយនេះ ក្នុងការអភិវឌ្ឍន៍កម្មវីធីអាវុធនុយក្លេអ៊ែរនិងមីស៊ីលផ្លោង ក្នុងអំឡុងជំនួបទ្វេភាគីរវាងមេដឹកនាំទាំងពីរ ​នៅអ៊ីតាលី​។ នេះ​បើ​តាមការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់​ងារ​ព័ត៌​មាន Reuters នៅយប់ថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០១៧។

បន្ទាប់ពីលោក ត្រាំ និងលោក អាបេ បានធ្វើការជជែកពិភាក្សាក្នុងជំនួបទល់មុខគ្នា នៅឯកិច្ចប្រជុំកំពូល G7 ដែលធ្វើឡើងនៅក្នុង​ទីក្រុង Taormina លើកោះ Sicily នៃប្រទេសអ៊ីតាលី សេតវិមានអាមេរិកបានចេញសេចក្តីថ្លែងការណ៍មួយឲ្យដឹងថា «ប្រធានាធិបតី​ ដូណាល់ ត្រាំ និងនាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបេ បានឯកភាពគ្នាថា រដ្ឋាភិបាលនៃប្រទេសទាំងពីរ នឹងសហការគ្នាដើម្បីរឹងបន្តឹងទណ្ឌ​កម្មលើកូរ៉េខាងជើង ដោយរួមបញ្ចូលទាំងការតាមវែករកមុខ និងដាក់ទណ្ឌកម្មលើបុគ្គលឬក្រុមហ៊ុនទាំងឡាយណា ដែលហ៊ានលួច​គាំទ្រកម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលផ្លោង របស់របបដឹកនាំទីក្រុងព្យុងយ៉ាងថែមទៀតផង»

សេចក្តីថ្លែងការណ៍ខាងលើបានបន្ថែមថា មេដឹកនាំនៃប្រទេសទាំងពីរ ក៏បានព្រមព្រៀងគ្នាក្នុងការបន្តធ្វើឲ្យសម្ព័ន្ធភាពអាមេរិក-ជប៉ុន ​កាន់តែមានភាពរឹងមាំឡើង ព្រមទាំងបង្កើនសមត្ថភាពបង្ការក៏ដូចជាការពារខ្លួនប្រឆាំងនឹងការគំរាមកំហែងពីសំណាក់ កូរ៉េខាងជើងផងដែរ។

គួរបញ្ជាក់ថា ការកើនឡើងឥទ្ធិពលយ៉ាងខ្លាំងក្លា នៃអាវុធនុយក្លេអ៊ែរនិងមីស៊ីលផ្លោងរបស់ទីក្រុងព្យុងយ៉ាង គឺជាបញ្ហាប្រឈមផ្នែក​សន្តិសុខដ៏ធំបំផុតមួយសម្រាប់លោក ដូណាល់ ត្រាំ រួមទាំងលោក ស៊ីនហ្សូ អាបេ ស្របពេលដែលលោក ត្រាំ ធ្លាប់បានប្តេជ្ញា​នឹង​ធ្វើ​យ៉ាងណា​ទប់​ស្កាត់កូរ៉េខាងជើង មិនឲ្យអាចបើកការវាយប្រហារដោយអាវុធនុយក្លេអ៊ែរមកដល់សហរដ្ឋអាមេរិកបានឡើយ។ យ៉ាង​ណា​​មិញ អ្នកជំនាញជាច្រើនបានអះអាងថា ទីក្រុងព្យុងយ៉ាងអាចនឹងមានលទ្ធភាពធ្វើយ៉ាងដូច្នោះបាននៅក្រោយឆ្នាំ២០២០៕