(អាហ្វហ្គានីស្ថាន)៖ មន្ត្រីអាហ្វហ្គានីស្ថាន​ម្នាក់បានឱ្យដឹង នៅ​ក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណថា មនុស្សយ៉ាង​ហោចណាស់ ២៥នាក់ ក្នុងនោះរួមមានទាំង​កងទ័ព១៨នាក់ និងក្រុមអ្នក​ប្រយុទ្ធ​តាលីបង់ ០៧នាក់ បានស្លាប់នៅក្នុង​ការវាយឆ្មក់មួយ​របស់ក្រុមឧទ្ទាម​តាលីបង់ មកលើមូលដ្ឋានកងទ័ព​អាហ្វហ្គានីស្ថាន​នៅខេត្ត Kandahar ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅល្ងាចថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០១៧។

យោងតាមមន្ត្រីរូបនេះ​ដដែល ក្រុមឧទ្ទាម​តាលីបង់ បានបើកការ​វាយប្រហារ​មកលើ​មូលដ្ឋានទ័ព​អាហ្វហ្គានីស្ថាន ក្នុងតំបន់ Zangitan នៃស្រុក Shah Walikot នៃខេត្ត Kandahar ដោយបណ្ដាល​ឱ្យកងទ័ព ១៦នាក់ និងក្រុមអ្នកប្រយុទ្ធតាលីបង់​ប្រមាណ១៥នាក់ រងរបួសផងដែរ ខណៈកងទ័ពបួននាក់​បានបាត់ខ្លួន។

គួរបញ្ជាក់ថា វាគឺជាលើក​ទី០២ហើយ​ក្នុងសប្ដាហ៍នេះ ដែលក្រុមឧទ្ទាម​តាលីបង់ដឹកនាំការ​វាយប្រហារ​លើកងទ័ព​អាហ្វហ្គានីស្ថាន​នៃខេត្ត Kandahar បន្ទាប់ពីបាន​សម្លាប់កងទ័ព​អាហ្វហ្គានីស្ថាន ក្នុងខេត្តមួយនេះ ១០នាក់ និងបង្ករបួសជាច្រើននាក់​កាលពីថ្ងៃអង្គារ សប្តាហ៍នេះ៕