(សេអ៊ូល)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានអនុម័តលើ​ផែនការនយោបាយ​០៤ចំណុច ស្ដីពីកូរ៉េខាងជើង​ក្នុងនោះរួមមាន​ទំាងការដាក់​ទណ្ឌកម្ម និងសម្ពាធគ្រប់ទម្រង់ទំាងអស់ លើរបបដឹកនាំ​របស់ លោក គីម ជុងអ៊ុន។ នេះបើតាមប្រភពពី​តំណាងរាស្ត្រ​កូរ៉េខាងត្បូង លោក Kim Kwan-young ដកស្រង់ដោយ​ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅរសៀលថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០១៧។

ការលើកឡើង​បែបនេះរបស់ លោក គីម ខ្វានយាំង (Kim Kwan-young) ធ្វើឡើងបន្ទាប់ពីលោក និងអ្នកតំណាងរាស្ត្រ​កូរ៉េខាងត្បូង​មួយក្រុម បានជួបពិភាក្សាការងារ​ជាមួយអ្នកតំណាង​ពិសេសអាមេរិក សម្រាប់កិច្ចការ​កូរ៉េខាងជើង លោក Joseph Yun ក្នុងទីក្រុង​វ៉ាស៊ីនតោន​កាលពីថ្ងៃព្រហស្បតិ៍។

លោក គីម បានបញ្ជាក់​ដោយយោងលើ​សម្ដីលោក Joseph Yun យ៉ាងដូច្នេះថា «ប្រធានាធិបតីមេរិក បានអនុម័តលើ​ផែនការ​នយោបាយ ០៤ចំណុច ទាក់ទិននឹងកូរ៉េខាងជើង​ ​ក្នុងនោះមាន​ការមិនទទួល​ស្គាល់​កូរ៉េខាងជើង​ជា​រដ្ឋនុយក្លេអ៊ែរ, ដាក់ទណ្ឌកម្ម និងសម្ពាធគ្រប់ ទម្រង់, មិនស្វែងរកការផ្ដួលរំលំរបបដឹកនាំ​ លោក គីម ជុងអ៊ុន និងដោះស្រាយបញ្ហា​តាមផ្លូវការទូត ឬកិច្ចសន្ទនា។

ទោះបីជាយ៉ាងណាក៏ដោយ ផ្អែកលើផែនការ ០៤ចំណុចនេះ​រដ្ឋបាល លោក ត្រាំ នឹងមិនប្រើប្រាស់​កម្លាំងយោធា​ជាជម្រើស​ដោះស្រាយបញ្ហា ជាមួយទីក្រុង​ព្យុងយ៉ាងនោះទេ ហើយនេះ​ក៏មិនខុសគ្នាប៉ុន្មានដែរ​ទៅនឹងយុទ្ធសាស្ត្រ នៃអតីតរដ្ឋបាល លោក បារ៉ាក់ អូបាម៉ា ធ្លាប់បានប្រើ នោះគឺគោលនយោបាយ​អត់ធ្មត់ ដែលលោក ត្រាំ ខ្លួនឯងបាននិយាយថា គ្មានបានផល ហើយការអត់ធ្មត់នឹងកូរ៉េខាងជើង ប្រើការលែងកើត​ទៀតហើយ៕