(វៀងច័ន្ទ)៖ រដ្ឋាភិបាលឡាវ​បានសម្រេចចិត្ត​ហាមឃាត់​ ការសាងសង់អគាររដ្ឋទាំងអស់ ចាប់ពីពេលនេះ​រហូតដល់​ឆ្នាំ២០២០ ដែលនេះគឺជា​ផ្នែកមួយនៃ កិច្ចខិតខំប្រឹងប្រែង​ចូលរួមអនុវត្តន៍​គោលនយោបាយ សន្សំសំចៃជូនជាតិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០១៧។

ជាមួយគ្នានេះរដ្ឋាភិបាលឡាវ ក៏បានបញ្ជាក់​ឡើងវិញផងដែរថា​ ការដេញថ្លៃគំរោង​របស់រដ្ឋដោយបើកចំហ​ គួរតែត្រូវបានរឹតបន្តឹង​ឱ្យខ្លាំងជាង​មុន ដើម្បីពង្រឹងច្បាប់​ប្រទេស។ មួយវិញទៀត​បទបញ្ជាថ្មីនេះ គឺមានគោលបំណង​ធានាឱ្យបាន​ថា ការប្រើប្រាស់កញ្ចប់​ថវិកាជាតិមាន​ប្រសិទ្ធិភាព និងមិនខ្ជះខ្ជាយ សំដៅរក្សាផលប្រយោជន៍ជាតិ​ជាអតិបរមា និងកាត់បន្ថយ​ភាពក្រីក្រ។

គួរបញ្ជាក់ថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុង​ក្រោយនេះ រដ្ឋាភិបាលឡាវ​បានបង្កើនការ​ដាក់វិធានការ​ជាច្រើន ពាក់ព័ន្ធនឹង​គោលនយោបាយ សន្សំសំចៃក្នុងនោះ​រួមមានទំាងការចេញក្រឹត្យ​ប្រឆាំងនឹងការខ្ជះខ្ជាយ​ថវិការដ្ឋ​កាលពីឆ្នាំ២០១៦ ដូចជាការតម្រូវឲ្យមន្ត្រីកំពូលៗរបស់រដ្ឋ ឈប់ប្រើប្រាស់រថយន្តទំនើបៗនិងមានតម្លៃថ្លៃ ហើយយករថយន្តដែលមានស្រាប់យកទៅលក់ ដើម្បីបង្កើនថវិកាជាតិជាដើម៕