(វ៉ាស៊ីនតោន)៖ កងទ័ពអាកាសរបស់​សហរដ្ឋអាមេរិកសង្ឃឹមថា ខ្លួននឹងអាចទទួលបានកញ្ចប់ថវិកា​កាន់​តែច្រើន​បន្ថែមទៀត ដើម្បី​យក​ទៅផ្តត់ផ្គង់​កម្មវិធីអភិវឌ្ឍន៍​យន្តហោះចម្បាំង​ជំនាន់ថ្មី និងកម្មវិធី​ផលិតមីស៊ីលប្រដេញ​ ដែលអាចបំពាក់​ក្បាលគ្រាប់​នុយក្លេអ៊ែរ​បាន ស្របពេល​ដែលសំណើកញ្ចប់​ថវិកា​ សម្រាប់វិស័យ​ការពារជាតិ​របស់ លោក ដូណាល់ ត្រាំ ទើបតែ​ត្រូវ​បាន​ដាក់​ចេញ​នាពេលថ្មីៗ​នេះ ដើម្បីសភាអនុម័ត​។ នេះបើតាមការចេញផ្សាយ​ដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០១៧។

កម្មវិធី Next Generation Air Dominance (NGAD) ​គឺជាកម្មវីធីយោធា​ដ៏សំខាន់មួយ សម្រាប់យន្តហោះចម្បាំង​ដ៏មានអានុភាព​ នា​ពេល​អនាគត​របស់ក្រសួង​ការពារជាតិ​អាមេរិក គឺជាប្រភេទ​យន្តហោះរចនាឡើង ដើម្បីចូលលុកលុយ​ និងមានប្រៀប​បំផុតនៅដែន​អាកាស​​របស់សត្រូវ ដែលជាកត្តាដ៏សំខាន់​ក្នុងយុទ្ធសាស្រ្ត​សមរភូមិ។ តួរយ៉ាង​យន្តហោះចម្បាំង​ដ៏ទំនើបជំនាន់ថ្មី​ធុន F-35 ពុំមានសម​ត្ថភាព​យកឈ្នះយន្តហោះចម្បាំង​ ស៊េរីចាស់ធុន F-16 បានឡើយ នៅក្នុងការ​សាកល្បង​កាលពីឆ្នាំ២០១៥ ដូច្នេះហើយ​យន្តហោះ​ចម្បាំង​ធុនផ្សេងៗ​ទៀតដូចជា F-22 Raptors និង F-18 Super Hornets គឺត្រូវបានពឹងផ្អែក​ក្នុងការដណ្តើមកាន់កាប់​ដែនអាកាស​សត្រូវ។

ជាមួយគ្នានេះ ដោយសារតែ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានប្តេជ្ញា​យ៉ាងមុតមាំថា នឹងបង្កើនឥទ្ធិពល​វិស័យយោធា​​អាមេរិក​ ដែលអស្ចារ្យស្រាប់​ទៅហើយ ឲ្យកាន់តែខ្លាំង​លើសមុនថែមទៀតនោះ កម្មវិធី NGAD អាចនឹងទទួលបាន​ថវិកាចំនួន ២៩៥លាន​ដុល្លារសម្រាប់​ឆ្នាំ២០១៨។ មួយវិញទៀត ទ័ពអាកាស​អាមេរិក បានតំឡើង​សំណើថវិកាពី ៩៦លានដុល្លារ ដល់៤៥១លាន​ដុល្លារ សម្រាប់កម្មវិធី Long Range Stand Off Weapon ដែលនឹងកែច្នៃ​មីស៊ីលប្រដេញ សម្រាប់​បាញ់ចេញពី​យន្តហោះទម្លាក់​គ្រាប់បែក ​ឲ្យមានសមត្ថភាព​បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ​បានផងដែរ។

គួរបញ្ជាក់ថា សម្រាប់រយៈពេល០៥ឆ្នាំរាប់ចាប់ពីឆ្នាំ២០១៨ដល់ឆ្នាំ២០២២ កងទ័ពជើង​អាកាសអាមេរិក សង្ឃឹមថា នឹងអាចទទួលបាន​ថវិកាឧបត្ថម្ភ​ថ្មី ចំនួន​៤.៥ពាន់លានដុល្លារពីរដ្ឋបាលអាមេរិក៕