(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងស្នើសុំកញ្ចប់ថវិកាជាតិរហូតដល់ទៅ ៤.១ទ្រីលានដុល្លារ (ពាន់ពាន់លានដុល្លារ) ដោយផ្ដោតសំខាន់​លើការចំណាយលើវិស័យយោធា ខណៈសេតវិមាននឹង​បញ្ជូនសំណើទំាងសុ្រងនេះ ទៅសភាអាមេរិក​នៅថ្ងៃអង្គារនេះ។ នេះបើតាម​ការចេញ ផ្សាយដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០១៧។

ជាមួយគ្នានោះដែរ តាមរយៈផែនការ​ថវិកាជាតិនេះ វាអាចនឹងធ្វើឱ្យ​ប៉ះពាល់ដល់​កញ្ចប់ថវិកា សម្រាប់កម្មវិធី​មនុស្សធម៌ ការកាត់បន្ថយភាពក្រីក្រ វិស័យសុខាភិបាល និងជំនួយអាមេរិក​ទៅកាន់បរទេស។​ ជាងនេះទៅទៀតការចំណាយ​របស់រដ្ឋាភិបាល ក៏នឹងត្រូវបានកាត់​បន្ថយ ៣.៦ទ្រីលាន​ដុលា្លរ​ផងដែរ ក្នុងរយៈពេល ១០ឆ្នាំ រីឯថវិកា ៨០០ពាន់លានដុល្លារ អាចនឹងត្រូវ​កាត់បន្ថយចេញពី​កម្មវិធីសុខាភិបាល​សម្រាប់ជនក្រីក្រ និងច្រើនជាង ១៩២ពាន់លានដុល្លារ​ពីកម្មវិធី​ស្បៀងអាហារ។

គួរបញ្ជាក់ថា រហូតមក​ទល់ពេលនេះ​សភា​អាមេរិក ហាក់ដូចជាមិន​បានរវីរវល់ឡើយ​ចំពោះសំណើ​កញ្ចប់ថវិកា​ជាតិ​របស់ លោក ដូណាល់ ត្រាំ ចំពេលដែលទំាងសមាជិក​សភាបក្ស​សាធារណៈរដ្ឋ និង​ប្រជាធិបេតេយ្យ កំពុងមិនពេញចិត្តជាខ្លាំង​នឹងអាកប្បកិរិយា​ លោក ត្រាំ ជាពិសេស បន្ទាប់ពីលេចលឺ​ព័ត៌មានថា ប្រធានាធិបតី​អាមេរិក បានចែករំលែក​ព័ត៌មានសម្ងាត់ជាមួយរុស្ស៊ី​ ព្រមទំាងការ​បណ្ដេញលោក James Comey ពីតំណែង​ជានាយក FBI​៕