(ឡុងដ៏)៖ អាជ្ញាធរប៉ូលិសនៃចក្រភពអង់គ្លេសកំពុងមានការសង្ស័យថា ការវាយប្រហារ​នៅកន្លែងប្រគុំតន្រ្តី Manchester Arena ភាគ​ពាយ័ព្យ​នៃប្រទេស ដែលបានផ្តាច់យកជីវិត​មនុស្សយ៉ាងតិចចំនួន ១៩នាក់ និងបានបង្ករបួស​ស្នាមយ៉ាងដំណំ​ដល់មនុស្ស ​៥០នាក់ ផ្សេងទៀតនោះ ត្រូវបានធ្វើឡើង​ដោយ​ជនបំផ្ទុះគ្រាប់បែក​អត្តឃាត ខណៈប៉ូលិសអង់គ្លេស​គ្រោងនឹងធ្វើសន្និសីទសារ​ព័ត៌មានមួយ​នាពេលបន្តិច​ទៀតនេះ ហើយវាត្រូវបានគេជឿជាក់ថា ជាអំពើភេរវកម្ម ប៉ុន្តែមិនទាន់ដឹងក្រុមណាជាអ្នកនៅពីក្រោយ។ នេះបើតាមការចេញ​ផ្សាយដោយ​សារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០១៧។

ប៉ូលិសប្រចាំ​ទីក្រុង Manchester ដែលជាទីក្រុង​ដ៏ធំបំផុតទីពីរ​របស់អង់គ្លេស​បានឲ្យដឹងថា ហេតុការណ៍​ផ្ទុះគ្រាប់បែកនេះ បាន​កើតឡើងនាវេលាម៉ោង​ប្រមាណ ១០៖៣៥នាទី យប់ថ្ងៃចន្ទសប្តាហ៍នេះ (ម៉ោងក្នុងតំបន់​កើតហេតុ) នៅមាត់ច្រក​​ចេញខាងក្រៅ​​​​កន្លែងប្រគុំតន្រី្ត​ ដែលមានសមត្ថភាព​ផ្ទុក​អ្នកចូលរួមបាន​ដល់ទៅ ២១,០០០នាក់នេះស្របពេល​ដែលមនុស្សម្នា​ជាច្រើន ជា​ពិសេស​យុវវ័យបានចាក​ចេញមកវិញ។

គួរបញ្ជាក់ថា សម្រាប់ខណៈពេល​នេះករណីខាងលើ ត្រូវបានអាជ្ញាធរ​អង់គ្លេសចាត់ទុកថា គឺជាអំពើវាយប្រហារ​ដោយភេវកម្ម​​​ រហូតដល់ពួកគេបើកការសង្កេត​លម្អិតវែងឆ្ងាយបន្ត​ទៅទៀត ដើម្បីស្វែងរកការពិត។ ម៉្យាងវិញទៀត​វត្ថុគួរ​ឲ្យសង្ស័យ​ ដែលអាចជាគ្រាប់បែកទីពីរ​នោះ តាមពិតទៅត្រូវ​បានក្រុមប៉ូលិសអះអាង​បញ្ជាក់វិញថា គ្រាន់តែជាសំលៀកបំពាក់​​បោះបង់ចោល​តែប៉ុណ្ណោះ។ យ៉ាងណាមិញ​ក៏ពុំទាន់មានក្រុមភេរវក​រណាមួយ ចេញមុខអះអាងថា ជាទង្វើដ៏ខ្មៅងងឹង​របស់​ខ្លួន​នោះដែរ៕