(អ៉ីស្រាអែល)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា បន្ទាប់ពីបានបំពេញដំណើរទស្សនកិច្ចនៅអារ៉ាប៊ីសាអ៊ូឌីត លោកបានរកឃើញ ហេតុផលថ្មីមួយសម្រាប់ក្ដីសង្ឃឹម ដែលថាសន្តិភាព និងស្ថេរភាព អាចនឹងសម្រេចបាននៅក្នុងតំបន់មជ្ឈិមបូព៌ា ខណៈលោកផ្ទាល់បានចុះកិច្ចព្រមព្រៀងលក់ អាវុធមានតម្លៃជាង១១០ពាន់លានដុល្លារ ជាមួយអារ៉ាប៊ីសាអ៊ូឌីត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ​នៅយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧។

ការលើកឡើងបែបនេះរបស់លោក ត្រាំ ធ្វើឡើងនៅក្នុងសុន្ទរថាខ្លីមួយភ្លាមៗ ក្រោយធ្វើដំណើរទៅដល់អ៊ីសា្រអែល។ ប្រធានាធិបតីអាមេរិករូបនេះបានបញ្ជាក់ ដូច្នេះថា៖ «នៅក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ខ្ញុំប៉ុន្មានថ្ងៃមកនេះ ខ្ញុំបានរកឃើញហេតុផលថ្មីមួយសម្រាប់ក្ដីសង្ឃឹម (...) ពីមុនយើងពិតជាកម្រមាន ឱកាសនាំយកសន្តិសុខ សន្តិភាព និងស្ថេរភាព ឱ្យតំបន់មជ្ឈិមបូព៌ា ប្រជាជន ក៏ដូចជាការកម្ចាត់ពួកភេរវករ និងបង្កើតអនាគត់ថ្មី ពោរ ពេញដោយភាពសុខដុម រីកចំរើន និងសនិ្តភាព ប៉ុន្តែយើងអាចសម្រេចកិច្ចការនេះបានទាល់តែយើងធ្វើការងាររួមគ្នា ហើយគ្មានមធ្យោបាយណាល្អជាងនេះនោះទេ»។

គួរបញ្ជាក់ថា នៅក្នុងដំណើរទស្សកិច្ចនេះ លោក ដូណាល់ ត្រាំ នឹងត្រូវធ្វើកិច្ចពិភាក្សាដាច់ដោយឡែក ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល និងប្រធានាធិបតី ប៉ាឡេស្ទីន ហើយគេក៏រំពឹងដែរថានៅក្នុងជំនួបជាមួយមេដឹកនាំទំាងពីរ លោកត្រាំអាចនឹងព្យាយាមស្វែងរកការដំណើរការឡើងវិញនូវកិច្ចចរចាសន្តិភាពជាថ្មីរវាង អ៊ីស្រាអែល និងប៉ាឡេស្ទីន។ ក៏ប៉ុន្តែយ៉ាងណាក៏ដោយ ការដំណើរការឡើងវិញនៃកិច្ចចរចាសន្តិភាពនេះ ទំនងជាពិបាកនឹងអាចធ្វើទៅបានណាស់ ត្បិតលោក ត្រាំ ខ្លួនឯងផ្ទាល់បានបិទបញ្ចប់គោលនយោបាយរដ្ឋពីរទៅហើយ ចំណែកឯអ៊ីស្រាអែលវិញ នៅតែបន្តធ្វើអាណានិគមនៅលើដែនដីប៉ាឡេស្ទីន ដោយ មិនខ្វល់ឡើយ ពីការថ្កោលទោសរបស់សហគមន៍អន្តរជាតិ៕