(តែលអាវីវ)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទនេះ បានព្រមានជាថ្មីឱ្យអ៊ីរ៉ង់បញ្ឈប់ការផ្ដល់ហិរញ្ញវត្ថុដល់ក្រុមភេរវករ នៅក្នុង តំបន់ ហើយមិនតែប៉ុណ្ណោះលោកក៏បានបញ្ជាក់ចំៗដែរថាអ៊ីរ៉ង មិនគួរត្រូវបានអនុញ្ញាតឱ្យមានអាវុធនុយក្លេអ៊ែរជាដាច់ខាត។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន The Sun នៅថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០១៧។

ថ្លែងនៅចំពោះមុខប្រធានាធិបតីអ៊ីសា្រអែលលោក Reuven Rivlin លោកត្រាំ បានលើកឡើងដូច្នេះថា៖ «ភាពចាំបាច់បំផុត ដែលសហរដ្ឋអាមេរិក និងអ៊ីសា្រអែលអាចបញ្ចេញសម្លេងតែមួយរួមគ្នា នោះគឺអ៊ីរ៉ង់មិនគួរត្រូវបានអនុញ្ញាតឱ្យមានអាវុធនុយក្លេអ៊ែរជាដាច់ខាត ហើយត្រូវតែបញ្ឈប់ជាបន្ទាន់ ផ្ដល់ហិរញ្ញវត្ថុ ការបណ្ដុះបណ្ដាល និងការបំពាក់អាវុធដល់ក្រុមភេរវករ និងក្រុមសកម្មប្រយុទ្ធនៅក្នុងតំបន់»។​ ដោយឡែក ឆ្លើយតបនឹងការលើកឡើង នេះ លោក Reuven Rivlin ក៏បានសង្កត់ធ្ងន់ដែរថា៖«ដើម្បីសម្រេចក្ដីសុបិន្ត យើងត្រូវតែធ្វើឱ្យប្រាកដថា អ៊ីរ៉ង់ត្រូវនៅឱ្យឆ្ងាយពីព្រំដែនរបស់យើង ពីស៊ីរី និងលីបង់»

សូមបញ្ជាក់ថា ក្នុងអំឡុងទស្សនកិច្ច នៅអារ៉ាប៊ីសាអ៊ូឌីត លោក ដូណាល់ ត្រាំ ក៏បានចោទផងដែរថាអ៊ីរ៉ង់ កំពុងដឹកនាំសកម្មភាពភេរវកម្មនៅក្នុងតំបន់ ។ ដូច្នេះដើម្បីទប់ទល់នឹងការកើនឡើងឥទ្ធិពល និងការគំរាមកំហែងពីអ៊ីរ៉ង់ ទីក្រុងវ៉ាស៊ីនតោន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលក់អាវុធមាន តម្លៃដល់ទៅជាង១១០ពាន់លានដុល្លារឱ្យទីក្រុងរីយ៉ាត ដែលនេះគឺជាសារមួយបញ្ចាក់ពីគោលជំហរអាមេរិក ផ្ញើទៅកាន់ទីក្រុងតេហេរ៉ង់ កុំឱ្យធ្វើអ្វី តាមទំនើងចិត្ត៕