(ហ្សេរុយសាឡឹម)៖ ទីបំផុតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរមកដល់ទឹកដីសម្ព័ន្ធ​មិត្តអ៊ីស្រាអ៊ែលហើយ នៅថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០១៧នេះ ក្រោយពីបានបញ្ចប់ដំណើរទស្សនកិច្ច​ និងចាកចេញពីប្រទេស អារ៉ាប៊ី សាអូឌីត តាមជើងហោះហើរពិសេស Air Force One កាលពីប៉ុន្មានម៉ោង​មុននេះប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Telegraph នាល្ងាចថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០១៧។

ដំណើរមកដល់របស់លោក ដូណាល់ ត្រាំ ពេលនេះត្រូវបានសារព័ត៌មានខាងលើអះអាងថា លោកនឹងលើក​យកបញ្ហាជាច្រើនមកពិភាក្សា​ជាមួយមេដឹកនាំ​អ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ ដូចជាបញ្ហា​ផ្ទេរស្ថានទូតអាមេរិក​ពីទីក្រុង​តែលអាវីវ ទៅទីក្រុង​ហ្សេរុយសាឡឹមវិញ ប៉ុន្តែប្រការនេះ​ត្រូវបានគេមើលឃើញ​ថា ជារឿងដែល​មិនទាន់អាចទៅរួច ព្រោះទឹកដីហ្សេរុយសាឡឹម​នៅមិនទាន់មានការបែងចែក ដែលទទួលស្គាល់​ដោយអន្តរជាតិ ហើយបញ្ហាជម្លោះទឹក​ជាមួយប៉ាឡេស្ទីន​ ក៏នៅតែបន្តនៅឡើយផងដែរ។

គួរបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន និងតែលអាវីវមានការប៉ះទង្គិចគ្នាដោយពាក្យសម្តី កាលពីពេលថ្មីៗនេះ អំពីការទទួលស្គាល់​របស់អាមេរិក​ លើទីក្រុងហ្សេរុយសាឡឹម បន្ទាប់ពីសេតវិមាន​អាមេរិកបាន​បដិសេធមិន​និយាយ​ថា អាមេរិកចាត់ទុកទឹកដីស្ថិតនៅប៉ែកខាងលិចនៃរបងខ័ណ្ឌចែកនោះ គឺជាផ្នែកមួយនៃទឹកដី​អ៊ីស្រាអែលដែរ ឬមួយក៏យ៉ាងនោះ។

ប្រការនេះបានបង្ខំឲ្យ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ ប្រកាសក្តែងៗដោយខ្លួនថា ទឹកដីស្ថិតនៅខាងលិច​របងខ័ណ្ឌចែកនោះគឺ «ជាទឹកដីស្ថិតក្រោមអធិបតេយ្យភាព របស់ប្រទេសអ៊ីស្រាអែល ជារៀងដរាប» ហើយអ៊ីស្រាអែល នឹងមិនបោះបង់ជំហរនេះឡើយ ទោះបីជាខ្លួនស្ថិតនៅក្នុងកិច្ចចរចា​សន្តិភាព​មួយណាក៏ដោយ។

ទោះបីជាបែបនេះ​ក្តី លោក ត្រាំ នឹងក្លាយជាប្រធានាធិបតី​អាមេរិកទី១ ដែលនឹងទៅទស្សនកិច្ច​នៅរបងខ័ណ្ឌ​ចែកទឹកដីហ្សេរុយសាឡឹម​ទាំងពីរនេះ ប៉ុន្តែសេតវិមានអាមេរិក​បានធ្វើការបដិសេធ មិនឲ្យនាយករដ្ឋមន្ត្រី អ៊ីស្រាអែល​ធ្វើដំណើរទៅទីនោះ​ជាមួយ លោក ត្រាំ នោះឡើយ ព្រោះអាមេរិក​ខ្លាចមានការយល់ច្រឡំថា ប្រការបែបនេះ​នឹងជាការបង្ហាញការទទួលរបស់អាមេរិក ចំពោះការគ្រប់គ្រងរបស់អ៊ីស្រាអែល​នៅទីនោះ។

បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចដ៏សំខាន់នៅអ៊ីស្រាអែល លោក ត្រាំ នឹងបន្តដំណើរទៅកាន់តំបន់ Bethlehem ដើម្បីជួបពិភាក្សាជាមួយមេដឹកនាំប៉ាឡេស្ទីន លោក Mahmoud Abbas។ អ្វីដែលលោក ដូណាល់ ត្រាំ ចង់បានពីអ៊ីស្រាអែល និងប៉ាឡេស្ទីននោះ គឺអ៊ីស្រាអែលត្រូវបញ្ឈប់កម្មវិធីសាងសង់លំនៅឋាន​ដ៏ចម្រូងចម្រាស ហើយជាការតបស្នង​ប៉ាឡេស្ទីន ត្រូវបញ្ឈប់ការបង្កអំពើហិង្សា​លើអ៊ីស្រាអែលដូចគ្នា៕