(តូក្យូ)៖ សហរដ្ឋអាមេរិកបានព្រមព្រៀងតាមសំណើរបស់ប្រទេសចិន ដោយផ្តល់ឱកាសឲ្យទីក្រុងប៉េកាំង​រយៈពេល ១០០ថ្ងៃ សម្រាប់ប្រទេស​នេះ ក្នុងការដាក់សម្ពាធ ទៅលើកូរ៉េខាងជើង​ឆ្លើយតបទៅនឹង​ការបាញ់គ្រាប់មីស៊ីល និងបំផ្ទុះសាកល្បង​នុយក្លេអ៊ែរនៅក្នុង​ឆ្នាំ២០១៧នេះ។ នេះបើតាមសារព័ត៌មានរុស្ស៊ី Sputnik នារសៀល​ថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០១៧ ដោយដកស្រង់​ការផ្សាយពីកាសែត Asahi Shimbun ដែលជារឿង​រ៉ាវទើបត្រូវបាន​ទម្លាយ ក្រោយជំនួបដំបូង​រវាងលោក ស៊ី និងលោក ត្រាំ កាលពីខែមេសា​នៅរដ្ឋផ្លូរីដា។

ដំណោះស្រាយ​រយៈពេល ១០០ថ្ងៃខាងលើនេះ គឺដូចនឹង​ដំណោះស្រាយ​មួយផ្សេងទៀត ពាក់ព័ន្ធនឹងកិច្ច​ពិភាក្សាសេដ្ឋកិច្ច​រវាងប្រទេសទាំងពីរ អាមេរិក-ចិន ផងដែរ ដែលភាគទាំងពីរកាលពីខែមេសានោះ បានព្រមព្រៀងក្នុងរយៈពេល ១០០ថ្ងៃថា​នឹងសម្រេចឲ្យបានលទ្ធផល។ រំលឹកកាលពីមុនជំនួបរវាងលោក ស៊ី និងលោក ត្រាំ ត្រូវបានប្រារព្ធឡើង ប្រធានាធិបតីអាមេរិក​រូបនេះធ្លាប់បាន​លើកឡើង ប្រាប់សារព័ត៌មាន Finacial Times ថា ប្រទេសចិន​គួរតែប្រើប្រាស់​ឥទ្ធិពលរបស់ខ្លួន ក្នុងការកៀបសង្កត់​កូរ៉េខាងជើង បើសិនជាមិនចង់ឲ្យ​ទីក្រុង​វ៉ាស៊ីនតោន ចាត់ការរឿងនេះ​ដោយខ្លួនឯងទេនោះ។

គួរបញ្ជាក់ថា បញ្ហាគ្រាប់មីស៊ីល និងនុយក្លេអ៊ែរកូរ៉េខាងជើង ដែលបាននិង​កំពុងបន្តអភិវឌ្ឍន៍​ឥតឈប់ឈរនោះ ពិតជារឿងក៏ឈឺក្បាល​មួយសម្រាប់អន្តរជាតិ ជាពិសេសអាមេរិក និងសម្ព័ន្ធមិត្ត​នានាដូចជា ជប៉ុន និងកូរ៉េខាងត្បូង​ជាដើម។ មួយរយៈចុងក្រោយនេះគេសង្កេតឃើញថា រូបភាពនៃទំនាក់ទំនង​រវាងចិន និងកូរ៉េខាងជើង ហាក់ដូចជា​មិនសូវល្អនោះទេ ដោយកូរ៉េខាងជើងធ្លាប់បានបង្ហាញភាព​ក្រេវក្រោធដាក់ចិន ដែលជាបងធំ ហើយងាកទៅជិតស្និទ្ធ​ខ្លាំងនឹងរុស្ស៊ីវិញ ជាការឆ្លើយតបនឹងទណ្ឌកម្មរបស់ចិន លើការនាំចេញរ៉ែធ្យូងថ្ម របស់កូរ៉េខាងជើង​កាលពីពេលថ្មីៗ​នេះ៕