(វ៉ាស៊ីនតោន)៖ កូរ៉េខាងជើង​នៅថ្ងៃចន្ទនេះ បានបង្ហោះរូបភាពផែនដីជាច្រើនសន្លឹក ថតពីលើលំហអាកាស ដោយកាមេរ៉ាបំពាក់​នៅលើគ្រាប់មីស៊ីល​ផ្លោង ដែល​ត្រូវបានបាញ់សាកល្បង​នាពេលថ្មីៗនេះ ហើយការបង្ហោះ​រូបនេះ ទំនងជាទីក្រុងព្យុងយ៉ាង​ចង់បង្ហាញពីសមត្ថភាព​ នៃបច្ចេកវិទ្យាមីស៊ីល​របស់ខ្លួន ដែល​អាចចូលទៅក្នុង​លំហអាកាស។ នេះបើតាមការចេញ​ផ្សាយដោយទីភ្នាក់ងារ​សារព័ត៌មាន យ៉ុនហាប់ នៅរសៀលថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០១៧។

សារព័ត៌មានរដ្ឋ​កូរ៉េខាងជើង Rodong Sinmun បានបង្ហោះរូបថតផែនដី​ជាង ៥៨សន្លឹក ដោយថែមទំាង​និយាយទៀតថា ការបាញ់សាកល្បង​មីស៊ីល ផ្លោងរយៈចំងាយ​មធ្យម Pukguksong-2 កាលពីថ្ងៃអាទិត្យ​ម្សិលមិញ បានទទួលជោគជ័យ​ជាថ្មី បន្ទាប់ពីការបាញ់​សាកល្បង​មីស៊ីលផ្លោង​ប្រភេទនេះ ក៏បានទទួលជោគជ័យផងដែរ កាលពីសប្ដាហ៍មុន។

មួយវិញទៀត​ភាពជោគជ័យនេះ បានបង្ហាញយ៉ាងច្បាស់ថា បច្ចេកវិទ្យាមីស៊ីល​កូរ៉េខាងជើងកាន់តែ រីកចំរើនទៅមុខ​ដើម្បីឈានដល់ការអភិវឌ្ឍមីស៊ីលផ្លោងឆ្លងទ្វីប ICBM ដ៏ពិតប្រាកដ។ Rodong Sinmun បន្ថែមថា មេដឹកនាំកូរ៉េខាងជើង​ លោក គីម ជុងអ៊ុន ពិតជា​រីករាយចំពោះ​រូបថតផែនដីថតដោយ​កាមេរ៉ាបំពាក់​លើមីស៊ីលផ្លោង ហើយពិភពលោក​នឹងបានមើលឃើញ​រូបភាពដ៏ស្រស់​ស្អាតនេះ។

គួរបញ្ជាក់ថា បើតាមយោធាកូរ៉េខាងត្បូង កាលពីថ្ងៃអាទិត្យ​កូរ៉េខាងជើង បានបាញ់សាកល្បង​មីស៊ីលផ្លោង Pukguksong-2 ​ដោយវាហោះបានរយៈ​កម្ពស់ ៥៦០គីឡូម៉ែត្រពីផ្ទៃផែនដី និងរត់បានចំងាយ ៥០០គីឡូម៉ែត្រ មុននឹងធ្លាក់ចូលក្នុង​សមុទ្រជប៉ុន៕