​(តែលអាវីវ)៖ បន្ទាប់ពីបញ្ចប់​ទស្សនកិច្ចនៅប្រទេស អារ៉ាប៊ី សាអូឌីត ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងបន្តដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល នៅថ្ងៃចន្ទនេះជាមួយនឹងការ​បំពេញទស្សនកិច្ច នៅ​ទីក្រុងហេ្សរុយសាឡឹម និងតំបន់ West ​Bank ដែនដី​ប៉ាឡេស្ទីន ជាកិច្ចបញ្ចប់ទស្សនកិច្ចរបស់លោក​នៅមជ្ឈិមបូព៌ា។

បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ច​នៅអ៊ីស្រាអែល និងដែនដីប៉ាឡេស្ទីន ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែឧសភា លោក ដូណាល់ ត្រាំ នឹងបន្តដំណើរ​ទៅកាន់ទីក្រុងរ៉ូម និងទីក្រុង​ព្រុចសែល នៅថ្ងៃពុធ ទី២៤ ខែឧសភា ដោយលោកនឹង​ត្រូវជួបសម្ដេច​ប៉ាបហ្វ្រង់ស៊ីស និងក្រុមមន្ត្រី​ប៊ែលហ្សិក។ បន្ទាប់មកទៀត​ប្រធានាធិបតីអាមេរិក​រូបនេះ នឹងត្រូវចូលរួម​កិច្ចប្រជុំកំពូល​អង្គការណាតូ ក្នុងទីក្រុង​ព្រុចសែល នៅថ្ងៃទី២៥ ខែឧសភា មុននឹងបញ្ចប់ ដំណើរទស្សនកិច្ចរយៈ​ពេល០៨ថ្ងៃ​របស់លោក ដោយត្រូវ​ចូលរួម​កិច្ចប្រជុំ G7 ក្នុងទីក្រុង Sicily ប្រទេស អ៊ីតាលី នៅថ្ងៃទី២៦ ខែឧសភា។

សុមបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចរបស់លោក ត្រាំ នៅប្រទេស អារ៉ាប៊ី សាអូឌីត សហរដ្ឋអាមេរិកបានចុះកិច្ចព្រមព្រៀងលក់សព្វាវុធភ្លាមៗទៅឲ្យ ព្រះរាជាណាចក្រ អារ៉ាប៊ីសាអូឌីត ក្នុងតម្លៃជិត១១០ពាន់លាន​ដុល្លារ និងចំនួន៣៥០ពាន់លានដុល្លារសម្រាប់រយៈពេល១០ឆ្នាំ ដែលការបោះជំហាននេះនឹងកាន់តែពង្រឹង សម្ព័ន្ធភាពរាប់ទសវត្សរ៍រវាងប្រទេសទាំងពីរ​ ​ឲ្យរឹងមាំថែមទៀត។

កិច្ចព្រមព្រៀងខាងលើ ទទួលបានការកោតសរសើរស្ញប់ស្ញែងពីសំណាក់សេតវិមានថា ជាការពង្រីកវិសាលភាពដ៏សំខាន់មួយ​នូវ​ទំនាក់ទំនងផ្នែកសន្តិសុខ រវាងអាមេរិកនិងអារ៉ាប៊ី សាអូឌីត។ វាតំណាងឲ្យការកើនឡើងនៃសមត្ថភាពយោធារបស់ព្រះរាជាណា​ចក្រអារ៉ាប៊ី សាអូឌីត ស្របពេលដែលភាពតឹងនៅតែ កើតមានក្នុងតំបន់ ដោយទីក្រុងវ៉ាស៊ីនតោនចាត់ទុកអារ៉ាប៊ី សាអូឌីត ថាជា​សមាជិកដ៏សំខាន់មួយនៅក្នុងកិច្ចប្រឹងប្រែង ដើម្បីឃ្លាំងមើលមហិច្ឆតា របស់ប្រទេសអ៊ីរ៉ង់។ យោង​តាម​របាយការណ៍​ជា​ច្រើន ព្រះរាជាណាចក្រ អារ៉ាប៊ី សាអូឌីត គឺជាគោលដៅដ៏សំខាន់ចម្បងគេសម្រាប់​ការ​​​លក់​​សព្វា​វុធ របស់សហរដ្ឋអាមេរិក។​

ការបំពេញដំណើរទស្សនកិច្ច របស់លោក ត្រាំ ទៅកាន់អ៊ីស្រាអែល ធ្វើឡើងចំពេលនយោបាយ នៅក្នុង​សហរដ្ឋអាមេរិក​កំពុងជួបភាពវឹកវរ រីឯទំនាក់ទំនងរវាង​អ៊ីស្រាអែល និងសហរដ្ឋអាមេរិក​ក៏កំពុងជួបភាពតានតឹងផងដែរ ដោយសារតែ​រឿងអាស្រូវបង្ក​ឡើងដោយ ប្រធានាធិបតីអាមេរិករូបនេះ​ពាក់ព័ន្ធ នឹងការទម្លាយ​ព័ត៌មានសម្ងាត់​ជាតិ​ប្រាប់ទីក្រុងម៉ូស្គូ ហើយដែលព័ត៌មាន​សម្ងាត់នេះ​ទៀតសោត ភាគច្រើនត្រូវ​បានចែករំលែក​តែជាមួយ​អ៊ីស្រាអែល​ប៉ុណ្ណោះ៕