(ប៉ារីស)៖ ការកើនឡើងកម្តៅនៃពិភពលោក ពិតជាអាក្រក់ខ្លាំងលើសការរំពឹងទុកទៅទៀត ដោយអ្នកជំនាញ​បានព្រមានថា បើនៅតែបន្តស្ថានភាពដូចពេលបច្ចុប្បន្ននេះទៅមុខទៀត កម្រិតនីវ៉ូទឹកសមុទ្រ​នឹងកើនឡើង ហើយទីក្រុងជាប់សមុទ្រ និងតំបន់ឆ្នេរនានា​នឹងរងការជន់លិចខ្លាំងលើស​មុនទ្វេដងទៅទៀត។ នេះបើតាមការ​ដកស្រង់ការផ្សាយពី Channel News Asia នារសៀលថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០១៧។

ការកើនឡើង​នៃកម្ពស់ទឹកសមុទ្រពី ១០ ទៅ ២០សង់ទីម៉ែត្ររហូតដល់​ឆ្នាំ២០៥០នោះ វានឹងធ្វើឲ្យតំបន់​ជាច្រើនលើភពផែនដី​ប្រឈមមុខនឹង​ការលិចលង់​ខ្លាំង លើសការព្យាករណ៍លើកមុនទ្វេដង​ឯណោះ។ ទីក្រុងធំៗជាច្រើន​នៅតំបន់អាមេរិក​ខាងជើងដូចជា Vancouver, Seattle, San Francisco and Los Angeles និងទីក្រុងមួយចំនួន​ទៀតនៅតំបន់អឺរ៉ុបខាងលិច ជាប់សមុទ្រអាត្លង់ទិក នឹងទទួលរងគ្រោះដោយទឹកជំនន់ខ្លាំងមុនគេ។

សម្រាប់មហន្តរាយ​ជាបន្តបន្ទាប់ទៀត នឹងកើតឡើងទៅលើ​ទីក្រុងនៃតំបន់ត្រូពិក ក្នុងនោះគឺ​ទន្លេជាច្រើននៃ​ទីក្រុងដែលមាន ប្រជាជនរស់នៅច្រើន​នៅទ្វីបអាស៊ី និងអាហ្វ្រិក នឹងទទួលរងគ្រោះនៅប៉ុន្មាន​ទសវត្សរ៍​ទៅមុខទៀត​ប៉ុណ្ណោះ។ ទោះបីជាទឹក​សមុទ្រអាច​មានការកើនឡើង​នូវនីវ៉ូទាបជាការរំពឹងទុកក្តី ក៏ទីក្រុង​មួយ​ចំនួនទៀត​ដូចជា Mumbai, Kochi និង Abidjan ជាដើម​នៅតែនឹងទទួលរងគ្រោះ​ដដែល​ពីទឹកជំនន់។

គួរបញ្ជាក់ថា តាមការសិក្សារបស់អ្នកជំនាញសកល ទឹកជំនន់ដែលបង្កឡើងដោយ​នីវ៉ូទឹកសមុទ្រកើនឡើង ដែលជាគ្រោះ​មហន្តរាយ​នៃការកើនឡើង​កម្តៅពិភពលោកនោះ គឺជារឿងមិនអាចបកក្រោយ​នោះឡើយ ហើយសម្រាប់​​ដែនកោះតូចៗនានា ឬប្រទេសដីកោះ​មួយចំនួន ពិតណាស់ថា នឹងទទួលរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត៕