(ម៉ូស្គូ)៖ នាវាដឹកអ្នកដំណើរមកពីកូរ៉េខាងជើងមួយគ្រឿង បានចូលសំចតនៅ​ឯកំពង់ផែប៉ាស៊ីហ្វិក​នៃទីក្រុង Vladivostok ប្រទេសរុស្ស៊ី​ជាលើកដំបូង កាលពីថ្ងៃព្រហស្បតិ៍ បើទោះជាសហរដ្ឋអាមេរិក បានអំពាវនាវ​ឱ្យបណ្ដាប្រទេស​ទំាងអស់​លើលោក កាត់បន្ថយទំនាក់ទំនង​ជាមួយទីក្រុងព្យុងយ៉ាង ជាការឆ្លើយតបនឹង ការធ្វើបាញ់សាកល្បងមីស៊ីល និងនុយក្លេអ៊ែរ​រំលោភទណ្ឌកម្មអន្តរជាតិនោះក៏ដោយ។ នេះបើតាម​ការចេញផ្សាយ​ដោយទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០១៧។

ការដាក់ឱ្យដំណើរការ​សេវាកម្មនាវាចរ រវាងទីក្រុង Vladivostok និងកំពង់ផែ Rajin របស់កូរ៉េខាងជើង ធ្វើឡើងតែមួយ​សប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើង​បាញ់មីស៊ីលផ្លោង ​ដោយជោគជ័យធា្លក់នៅក្បែរ​សមុទ្ររុស្ស៊ី។​ ដោយឡែកជុំវិញ​បញ្ហានេះដែរ នាយករងក្រុមហ៊ុន​ផ្តល់សេវាដំណើរកម្សាន្តតាម នាវារុស្ស៊ី Investstroytrest លោក Mikhail Khmel បានអះអាងថា សកម្មភាពនេះ គឺជាពាណិជ្ជកម្ម​នៃដំណើរកម្សាន្តសុទ្ធសាធ។

លោក Mikhail បានបញ្ជាក់យ៉ាងដូច្នេះថា «វាគឺជាពាណិជ្ជកម្ម​នៃក្រុមហ៊ុន​របស់យើង ដោយគ្មាន​ជាប់ពាក់ព័ន្ធ​នឹងរដ្ឋាភិបាល​ណាមួយទំាងអស់ ពោលគឺ​សេវាកម្មនេះ ផ្ដោតសំខាន់លើ​ភ្ញៀវទេសចរចិន ដែលចង់ធ្វើដំណើរ​ទៅកាន់កូរ៉េខាងជើង ដោយឆ្លងកាត់​តាមកំពង់ផែ​ទីក្រុង Vladivostok។ ប៉ុន្តែដោយសារតែចិន​គ្មានកំពង់ផែនៅ​សមុទ្រជប៉ុន ទើបការធ្វើដំណើរ​ទៅកាន់កូរ៉េខាងជើង ត្រូវតែកាត់​តាមទីក្រុង Vladivostok ព្រោះវាឆាប់​ទៅដល់»។  

ទោះបីជាយ៉ាងណាក៏ដោយ ការដាក់ឱ្យដំណើរការ​សេវាកម្មនេះ ធ្វើឡើងចំពេល​ដែលគេមើល​ឃើញថា កូរ៉េខាងជើងកំពុងបោះដៃ​ទៅរករុស្ស៊ី ខណៈទំនាក់ទំនង​ជាមួយទីក្រុងប៉េកាំង ហាក់ដូចជា​មានភាពតានតឹង ដោយសារតែចិន​បានចូលរួមជាមួយ​សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មសេដ្ឋកិច្ច​មួយចំនួន​លើទីក្រុង​ព្យុងយ៉ាង ដោយសារការមិន​ស្ដាប់ដំបូន្មានរបស់ខ្លួន ហើយនៅតែចចេសធ្វើតេស្ដមីស៊ីល​ជាបន្តបន្ទាប់៕