(វ៉ាស៊ីនតោន)៖ យន្ដហោះចម្បាំងចិន​ពីរគ្រឿងធុន SU-30 បានធ្វើប្រតិបត្តិការ​ហោះហើរប្រដេញមកលើ​យន្តហោះអាមេរិក ដែលយោធាអាមេរិកចាត់ទុកថា ជាការហោះហើរគ្មាន «វិជ្ជាជីវៈ» សំដៅស្ទាក់ចាប់យន្ដហោះ​វិទ្យុសកម្មប្រភេទ WC-135 ស្ថិតនៅក្នុងដែនអាកាសអន្តរជាតិ​ពីលើតំបន់​សមុទ្រចិនខាងកើត។ នេះបើតាម​ការចេញផ្សាយ​ដោយ​ សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០១៧។

ជុំវិញឧបទ្ទវហេតុនេះ​ដែរ អ្នកនាំពាក្យកងទ័ព​អាកាសអាមេរិក លោកស្រី Lori Hodge បានឱ្យដឹងថា បញ្ហាដែល​កើតឡើងនេះ កំពុងស្ថិតក្នុង​ដំណាក់កាល​ដោះស្រាយជាមួយចិន តាមរយៈការទូត និងទំនាក់ទំនង​យោធា។​ លោកស្រី Hodge បន្ថែមថា ឧប្បទ្ទវហេតុនេះ ត្រូវបានរាយការណ៍​ដោយអ្នកបើក យន្ដហោះចាប់​រលកវិទ្យុសកម្មធុន WC-135 ដែលត្រូវបាន​យន្ដហោះចម្បាំងចិនពីរ​គ្រឿងធុន SU-30 ហោះហើរមកក្បែរ​ក្នុងល្បឿន​មួយយ៉ាងលឿន តែខាងទីក្រុង​ប៉េកាំងមិនទាន់ធ្វើការ​អត្ថាធិប្បាយអ្វី​នៅឡើយទេ។

គួរបញ្ជាក់ថា ឧប្បទ្ទវហេតុបែបនេះ មិនមែនទើបតែ​កើតឡើងជាលើកទីមួយ​នោះទេ ជាក់ស្ដែងកាលពី​ថ្ងៃទី០៨ ខែកុម្ភៈកន្លងទៅ យន្ដហោះ​ស៊ើប​ការណ៍ P-3 របស់សហរដ្ឋអាមេរិក ក៏ធ្លាប់ត្រូវបាន​យន្ដហោះចម្បាំងចិន​ហោះមកក្បែរ​ផងដែរ នៅឯតំបន់​សមុទ្រចិនខាងត្បូង។ ក៏ប៉ុន្តែ ទំាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉កាំង តែងតែអះអាងរៀងៗ​ខ្លួនថា រឿងបែបនេះ កើតឡើងនៅ​ក្នុងអំឡុងពេលខ្លួន​ ធ្វើសមយុទ្ធហោះហើរ​ជាទម្លាប់ធម្មតាតែប៉ុណ្ណោះ៕