(វ៉ាស៊ីនតោន)៖ សមាជិកសភា​អាមេរិកមកពីគណបក្សសាធារណៈរដ្ឋមួយចំនួន កំពុងចាប់ផ្ដើមដកខ្លួន​ចេញឱ្យឆ្ងាយពី​ប្រធានាធិបតី លោក ដូណាល់ ត្រាំ ដែលកំពុងជាប់ផុងក្នុងរឿងអាស្រូវ​ ចែករំលែកព័ត៌មាន​សម្ងាត់ជាតិ​ជាមួយរុស្សី ក៏ដូចជាការលូកដៃ​ស្នើសុំឱ្យ​នាយក FBI បញ្ឈប់ការស៊ើប​អង្កេតលើ ទំនាក់ទំនងរវាង​អតីតទីប្រឹក្សា​សន្តិសុខជាតិ លោក Michael Flynn និងទីក្រុងម៉ូស្គូ។ នេះបើតាមសម្តីអ្នកជំនាញមួយរូប គឺលោក Dan Mahaffee ដកស្រង់ដោយ​ទីភ្នាក់ងារសារព័ត៌មាន​ចិនស៊ិនហួរ នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០១៧។

ព្យុះនយោបាយ​អាមេរិក បានកើតឡើងជាថ្មី​ក្រោយកាសែត Washington Post ចុះផ្សាយថា លោក ដូណាល់ ត្រាំ បានចែករំលែក​ព័ត៌មានសម្ងាត់ជាតិឱ្យទីក្រុងម៉ូស្គូ ហើយប៉ុន្មានថ្ងៃក្រោយ​មកទៀត ប្រធានាធិបតីអាមេរិករូបនេះ ត្រូវបានកាសែត New York Times រាយការណ៍ថា ធ្លាប់បានស្នើ​ឱ្យនាយក FBI ​លោក James Comey បិទបញ្ចប់ការ​ស៊ើបអង្កេតលើ លោក ​​Michael Flynn ដែលនេះត្រូវ​គេជឿជាក់ថា ជាមូលហេតុធ្វើ​ឱ្យលោក ត្រាំ សម្រេចចិត្ត​បណ្ដេញ លោក Comey ពីតំណែង។
ពាក់ព័ន្ធនឹងភាព​ចម្រូងចម្រាសនេះដែរ លោក Dan Mahaffee នាយកផ្នែកគោល​នយោបាយ នៅឯមជ្ឈមណ្ឌល​សម្រាប់ការ​សិក្សារឿងសភា និងប្រធានាធិបតី​យល់ថា ដោយសារតែរឿង​អាស្រូវទាំងនេះ សមាជិកសភា​មកពីគណបក្ស​សាធារណរដ្ឋ​មួយចំនួន អាចនឹងអស់​ជំនឿ ហើយដកខ្លួន​នៅឱ្យឆ្ងាយពី លោក ដូណាល់ ត្រាំ ដែលកំពុង​ប្រឈមមុខនឹង​ការទាមទារ ឱ្យ​លោកចុះចេញពីតំណែង។
ជាក់ស្ដែងសមាជិក​សភាសាធារណរដ្ឋ​ដូចជា លោក Jason Chaffetz បានសរសេរ​សំបុត្រមួយច្បាប់​ផ្ញើជូននាយក​ស្ដីទី FBI លោក Andrew McCabe ដោយស្នើឱ្យ​មានការចូលអាន​កំណត់ត្រាទាំងស្រុង​របស់ លោក Comey រីឯប្រធាន​សភាអាមេរិក​ លោក Paul Ryan ក៏បានឯកភាព​នឹងសំណើនេះដែរ។

គួរបញ្ជាក់ថា ក្រុមសមាជិកសភា​សាធារណរដ្ឋ បានរិះគន់យ៉ាងខ្លាំង​ចំពោះសកម្មភាព​របស់ លោក ដូណាល់ ត្រាំ លើលោក James​ Comey ក៏ប៉ុន្តែ​ពួកគេមិនបានជំរុញ​ពេញទំហឹង​ ឱ្យបើកការស៊ើបអង្កេត​នោះទេ។ មួយវិញទៀត​ការដំណើរការនីតិវិធី​ទម្លាក់លោក ត្រាំ ពីតំណែងជា​ប្រធានាធិបតីគឺ​ជារឿងស្មុគស្មាញបំផុត និងកម្រនឹងកើតឡើង​នៅក្នុងនយោបាយ​អាមេរិក៕