(ប៉េកាំង)៖ ប្រទេសចិន និងបណ្តាប្រជាជាតិ​អាស៊ីគ្នេយ៍​នាថ្ងៃព្រហស្បតិ៍ បាន​ព្រមព្រៀងគ្នា​លើសេចក្តីព្រាងក្របខ័ណ្ឌមួយ​ សម្រាប់​ក្រមប្រតិបត្តិ (COC) ក្នុងដែន​សមុទ្រចិនខាងត្បូង ដែលមានបញ្ហា​ជម្លោះ។ នេះបើតាមការ​ដកស្រង់ការផ្សាយពីសារព័ត៌​មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០១៧។

ក្រោយជំនួបពិភាក្សា​មួយរវាងក្រុមមន្រ្តីចិន និងអាស៊ាន​នៅក្នុងទីក្រុង Guiyan ក្រសួង​ការបរទេសចិន បានឲ្យដឹងថា សេចក្តី​ព្រាង​នៃក្របខ័ណ្ឌនេះ ត្រូវបានយល់ព្រម និងឯកភាពគ្នា​ហើយ ក៏ប៉ុន្តែមិន​ក្រសួងបានផ្តល់ព័ត៌មានលម្អិតបន្ថែម អំពីខ្លឹមសារ​របស់វានោះ​ឡើយ។ ​សេចក្តីថ្លែងការណ៍​របស់ក្រសួង​ការបរទេសចិន បានបញ្ជាក់យ៉ាងដូច្នេះថា «យើងពិតជារីករាយ​ណាស់ ក្នុងការប្រកាសថា ក្រុមមន្រ្តី​ជាន់ខ្ពស់​ទាំងអស់​បានបញ្ចប់កិច្ចចរចា​ នៃសេចក្តីព្រាង​ក្របខណ្ឌ COC នៅមុនពាក់​កណ្តាលឆ្នាំ២០១៧ ជាពេលវេលា​ដែល​​បណ្តា​មេដឹកនាំអាស៊ាន និងចិនបានកំណត់ទុក»

យោងតាមសេចក្តីថ្លែងការណ៍​ខាងលើដដែល រាល់ភាគីទាំងអស់កំពុងគោរពតាមក្របខ័ណ្ឌនៃក្បួនច្បាប់​ក្នុងតំបន់ ដើម្បីរៀបចំ​​ក៏ដូចជាគ្រប់គ្រងបញ្ហាវិវាទ និងបង្កើនកិច្ចសហប្រតិបត្តិការ​ផ្លូវទឹកយ៉ាងស៊ីជម្រៅ ព្រមទាំងលើក​កម្ពស់ការពិគ្រោះ​យោបល់​គ្នា​លើក្រមប្រតិបត្តិនេះ ហើយរួមសាមគ្គីគ្នា​ថែរក្សាការពារសន្តិភាព​ និងស្ថិរភាព​នៃតំបន់សមុទ្រ​ចិនខាងត្បូង។

គួរបញ្ជាក់ថា ចិននិងសមាជិកនៃសមាគម​ប្រជាជាតិអាស៊ីអាគ្នេយ៍​ទាំងអស់បានសង្ឃឹមថា​ នឹងអាចឯកភាពគ្នា​លើក្រប​ខ័ណ្ឌ​នេះ​ក្នុង​ឆ្នាំ២០១៧នេះ បន្ទាប់ពីបាន​ចំណាយពេល​អស់ ១៥ឆ្នាំ ដើម្បីរួមគ្នាប្តេជ្ញា​រៀបចំវាឡើង ខណៈមន្រ្តីការទូត​អាស៊ាន​មួយចំនួន បានបង្ហាញពីក្តីព្រួយបារម្ភ​របស់ពួកគេថា តើចិនផ្តោតការយកចិត្តទុក​ដាក់ចំពោះរឿងនេះដែរ ឬយ៉ាងណា ឬមួយក៏អាស៊ាន​​មាន​ឥទ្ធិ​ពល​​គ្រប់គ្រាន់ ដើម្បីជំរុញឲ្យ​ទីក្រុងប៉េកាំង​គោរពតាមក្បួនច្បាប់​មួយបាន ដែរ ឬយ៉ាងណានោះ។

សូមជំរាបដែរថា ប្រទេសចិនបានធ្វើ​ការទាមទារស្ទើរតែ​ទាំងស្រុង​លើតំបន់សមុទ្រចិនខាងត្បូង ដែលជាផ្លូវទឹកមានទំហំពា​ណិជ្ជ​កម្មចេញចូលប្រមាណ ០៥ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំ។ យ៉ាងណាមិញ ប៊្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន ​វៀតណាម  និង តៃវ៉ាន់ ក៏បានទាមទារ​ចំណែករៀងៗខ្លួនផងដែរ៕