(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នឹងមិនស្វែងការផ្លាស់ប្ដូរ​របបដឹកនាំនៅកូរ៉េខាងជើង ហើយក៏មិនឈ្លានពាន​ទីក្រុងព្យុងយ៉ាងដែរ ព្រមទាំងធានាឱ្យ​បាននូវសន្តិសុខ​សម្រាប់របបដឹកនាំ លោក គីម ជុងអ៊ុន។ នេះគឺជាសម្ដីរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន ដកស្រង់ដោយទីភ្នាក់ ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០១៧។

ការថ្លែងបែបនេះរបស់លោក ធីល្លឺសុន ធ្វើឡើងនៅក្នុងជំនួបរយៈពេល ៤០នាទី ជាមួយបេសកជនពិសេសកូរ៉េខាងត្បូង ​លោក Hong Seok-hyun នៅឯ​ទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ។ ទន្ទឹមគ្នានេះដែរ រដ្ឋមន្ត្រីការបរទេស​អាមេរិករូបនេះ មិនមែន​និយាយដោយ​គ្មានលក្ខខណ្ឌ​នោះទេ ពោលគឺ​លោកបាន​បញ្ជាក់ថា ទាល់តែកូរ៉េខាងជើង​បង្ហាញពីឆន្ទៈបោះបង់​ចោល​កម្មវិធី​អាវុធនុយក្លេអ៊ែរ នោះទើប​សហរដ្ឋអាមេរិក គ្មានហេតុផល​អ្វី ត្រូវប្រើកម្លំាង​យោធា ឬក៏ប្រកាន់​នយោបាយអរិភាព​ចំពោះទីក្រុង​ព្យុងយ៉ាងទៀត។

ម្យ៉ាងវិញទៀត លោក ធីល្លឺសុន ក៏បានអះអាងដែរថា ទីក្រុងវ៉ាស៊ីនតោន​ចង់ឱ្យកូរ៉េខាងជើង​ជឿជាក់ និងបញ្ឈប់ការ​សាកល្បង​មីស៊ីលផ្លោង និងអាវុធនុយក្លេអ៊ែរ មុននឹង​សហរដ្ឋអាមេរិក អាចនឹងបើកកិច្ច​សន្ទនាជាមួយ ប្រទេសកុម្មុយនីស្ដដ៏ឯកោមួយនេះ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក​ធ្លាប់បានគំរាមប្រើប្រាស់កម្លាំងយោធា លើទីក្រុងព្យុងយ៉ាង​ជាច្រើនលើក ក៏ប៉ុន្តែមួយរយៈពេល​ចុងក្រោយនេះ ទំាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល សុទ្ធតែបង្ហាញ​ពីចេតនាចង់បើកកិច្ចចរចា​ ០៦ភាគី​ឡើងវិញ ខណៈកម្មវិធី​អាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោង កូរ៉េខាងជើង​ត្រូវបានគេមើលឃើញថា កាន់តែរីកចំរើន​ទៅមុខ៕