(ព្យុចសែល)៖ គណៈកម្មការនៃសហភាពអឺរ៉ុប នៅថ្ងៃព្រហស្បតិ៍នេះ បានសម្រេចពិន័យ​ក្រុមហ៊ុន​បណ្តាញ​ទំនាក់​ទំនង​សង្គមដ៏​ល្បី​របស់ពិភពលោក Facebook ជាទឹកប្រាក់ចំនួន១១០លានអឺរ៉ូ ដែលស្មើនឹង១២២.៥លានដុល្លារសហរដ្ឋអាមេរិក ដោយសារ​បាន​​ផ្តល់​​​ព័ត៌​មាន​ធ្វើឲ្យយល់ខុស នៅអំឡុងការស៊ើបអង្កេត របស់គណៈកម្មការនេះ ជុំវិញការទិញសិទ្ធិគ្រប់គ្រងរបស់ Facebook លើកម្មវិធី WhatsApp កាលពីប៉ុន្មានឆ្នាំមុន។ នេះបើតាមការដកស្រង់ការផ្សាយចេញ ពីសារព័ត៌មានរុស្ស៊ី Sputnik នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៧។

យោងតាមសេចក្តីថ្លែងការណ៍របស់គណៈកម្មការសហភាពអឺរ៉ុបខាងលើ ក្រុមហ៊ុន Facebook បានប្រាប់ទៅកាន់ខ្លួនថា នៅពេលដែលធ្វើការ​ទិញយកសិទ្ធិគ្រប់គ្រង កម្មវិធីកាលពីឆ្នាំ២០១៤ តាមបច្ចេកទេសវានឹងមិនអាចទៅរួចនោះឡើយ ដើម្បីតភ្ជាប់គណនីនៃបណ្តាញ​​សង្គម Facebook ជាមួយ និងគណនី ប្រើប្រាស់នៃកម្មវិធី WhatsApp។ យ៉ាងណាមិញមកដល់ខែសីហា ឆ្នាំ២០១៦កន្លងទៅ​នេះ គោលការណ៍លក្ខ​ខណ្ឌ​របស់ WhatsApp ក៏ត្រូវបានផ្លាស់ប្តូរ ដោយ WhatsApp បានអនុញ្ញាតឲ្យមានការ​ត​ភ្ជាប់​រវាង​លេខ​ទូរស័ព្ទ​​នៃ​​អ្នក​​ប្រើ​ប្រាស់​កម្មវិធី​​នេះ ​ជាមួយ​និង​គណនី Facebook បាន។

ជាមួយគ្នានេះ លោកស្រី Margrethe Vestager ស្នងការប្រកួតប្រជែងនៃសហភាពអឺរ៉ុប បានលើកឡើងនៅក្នុងសេចក្តី​ថ្លែង​ការណ៍ដដែលថា «ការសម្រេចចិត្តនាថ្ងៃនេះ បានផ្ញើសារក៏ដូចជាសញ្ញាយ៉ាងច្បាស់ៗ ទៅកាន់ក្រុមហ៊ុនទាំងឡាយថា ពួកគេ​ត្រូវតែគោរពតាមគ្រប់ទិដ្ឋភាព នៃនិយ័តកម្មរួមបញ្ចូលរបស់ EU ដោយនៅក្នុងនោះរួមមានទាំង កាតព្វកិច្ចក្នុងការផ្តល់ព័ត៌មាន​ត្រឹមត្រូវច្បាស់លាស់ផងដែរ»

គួរបញ្ជាក់ថា កាលពីថ្ងៃមុន គណៈកម្មការជាតិបារាំងទទួលបន្ទុកផ្នែកព័ត៌មានវិទ្យា និងសិទ្ធសេរីភាព ក៏បានពិន័យ Facebook ជា​ប្រាក់១៦៥,៦០០ដុល្លារផងដែរ សម្រាប់ការល្មើសច្បាប់រក្សាការពារទិន្ន័យ។ ទន្ទឹមនឹងនេះ កាលពីថ្ងៃសុក្រសប្តាហ៍ មុនវិញនោះ ​WhatsApp បានទទួលរងការពិន័យប្រមាណជាងបីលានដុល្លារ ដោយអាជ្ញាធរប្រកួតប្រជែងអ៊ីតាលី ក្រោមបទចោទប្រកាន់ថា​​កម្មវិធីនេះ បានបង្ខំអ្នកប្រើប្រាស់ឲ្យចែករំលែកទិនន្ន័យផ្ទាល់របស់ពួកគេជាមួយបណ្តាញសង្គម Facebook៕