(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីបារាំងថ្មីលោក Emmanuel Macron បានធ្វើការជជែកពិភាក្ស​គ្នាតាមប្រព័ន្ធទូរស័ព្ទ ជាលើកដំបូង គិតចាប់តាំងពីតែពីលោក Macron បានជាប់ឆ្នោតនិងឡើងកាន់តំណែង កាលពីពេលថ្មីៗនេះ​មក ហើយនាឱកាសនោះមេដឹកនាំទាំងពីរ ក៏បានពិគ្រោះគ្នាអំពីប្រធានបទសំខាន់ៗមួយចំនួនផងដែរ។ នេះបើតាមការចេញ​ផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៧។

វិមានក្រឹមឡាំងបានឲ្យដឹងដូច្នេះថា «នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក Putin និងលោក Macron ភាគីទាំងពីរបាន បង្ហាញ​​ពី​ការត្រៀមលក្ខណៈរៀងៗខ្លួន ដើម្បីអភិវឌ្ឍន៍ទំនាក់ទំនាក់ជាមិត្តភាពរុស្ស៊ី-បារាំង ទាំងក្នុងផ្នែកនយោបាយ ពាណិជ្ជកម្ម សេដ្ឋ​កិច្ច វប្បធម៌ មនុស្សធម៌ និងវិស័យដទៃជាច្រើនទៀត»។ បន្ថែមពីនេះយោងតាមសេចក្តីថ្លែងការណ៍ដដែល របស់វិមានក្រឹមឡាំង​ លោកប្រធានាធិបតីរុស្ស៊ីនិងសមភាគីបារាំង ក៏បានធ្វើការគូសបញ្ជាក់ជាពិសេស អំពីសារៈសំខាន់ នៃការបង្កើនកិច្ចសហប្រតិបត្តិ​ការ ដើម្បីឈានដល់ការរកដំណោះស្រាយវិបត្តិនៅអ៊ុយក្រែន ដោយឈរលើមូលដ្ឋាន នៃកិច្ចព្រមព្រៀងទីក្រុង Minsk ថែមទៀត​ផង។

ដោយឡែកលោក Vladimir Putin និង Emmanuel Macron ទំនងជានឹងមានឱកាសជួបទល់គ្នាផ្ទាល់ជាលើកដំបូង នៅក្នុងអំឡុង​កិច្ចប្រជុំកំពូល G20 ដែលនឹងប្រព្រឹត្តទៅនាខែកក្កដាខាងមុខ នៅក្នុងប្រទេសអាល្លឺម៉ង់។ ហើយព្រឹត្តិការណ៍នេះ ក៏នឹងត្រូវបាន​​ឃ្លាំងមើលជាពិសេសពីសំណាក់អន្តរជាតិផងដែរ ដោយសារតែវានឹងជាទីដែលប្រធានាធិបតីអាមេរិកលោក Donald Trump និង លោក Putin ជួបមុខគ្នាជាលើកទីមួយ។

សូមរំលឹកដែរថា លោក Emmanuel Macron បានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីជុំ​ទី​ពីរ ដែល​ជា​ជុំ​ផ្តាច់​ព្រ័ត្រ នៅឯប្រទេសបារាំង ជាមួយនិងសំឡេងគាំទ្រជាង៦៦ភាគរយ ហើយរូបលោកបានស្បថឡើងកាន់តំណែងជាផ្លូវ​ការបន្តពីលោក Francois Hollande កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧នេះ៕