(វ៉ាស៊ីនតោន)៖ ស្ថាបនិកក៏ដូចជាអតីតនាយកប្រតិបត្តិ (CEO) របស់បណ្តាញសារព័ត៌មានដ៏ល្បីល្បាញបំផុតមួយ របស់សហរដ្ឋ​អាមេរិក Fox News បានទទួលមរណភាពហើយ នៅក្នុងវ័យ៧៧ឆ្នាំ។ នេះបើតាមការសេចក្តីថ្លែងការណ៍របស់ភរិយាលោក ដក​ស្រង់ដោយសារព័ត៌មាន BBC នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៧។

លោក Roger Ailes ដែលត្រូវបានមនុស្សភាគច្រើនចាត់ទុកថា ជាបុរសដ៏មានឥទ្ធិពលបំផុត នៅក្នុងវិស័យព័ត៌មានអាមេរិក​នោះ​ ​បាន​បង្កើតក៏ដូចជាកសាង Fox News ស្ទើរតែចេញពីបាតដៃទទេទាំងគូរបស់លោកកាលពីឆ្នាំ១៩៩៦ និងបាន​ធ្វើការដឹក​នាំ​​បណ្តាញ​សារព័ត៌មានអស់រយៈពេលប្រមាណជា២០ឆ្នាំ រហូតដល់ពេលរូបលោកត្រូវបានបង្ខំចិត្ត ឲ្យលាលែងពី​តំណែង​កាល​ពី​ឆ្នាំ​២០១៦​ កន្លងទៅនេះ បន្ទាប់ពីមានពាក្យចចាមអារ៉ាមពាក់ព័ន្ធនឹងការបៀតបៀនកេរ្តិ៍ខ្មាស ដែល​បាន​កើត​មាន​ឡើង​កាល​ពី​ប៉ុន្មាន​​ទសវត្សរ៍​​មុន​។

សូមជំរាបថា លោក Ailes ធ្លាប់មានតួនាទីជាទីប្រឹក្សាផ្នែកព័ត៌មានមួយរូប របស់អតីតប្រធានាធិបតីអាមេរិកលោក Richard Nixon និងក្រោយមកលោក ក៏ធ្លាប់បានផ្តល់ប្រឹក្សាដល់មេដឹកនាំអាមេរិកបច្ចុប្បន្នលោក Donald Trump កាលពីអំឡុងពេលធ្វើយុទ្ធ​នា​​ការ​​ឃោសនាបោះឆ្នោតជ្រើសរើសប្រធានាធិបតីនាឆ្នាំមុនផងដែរ៕