(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង។ ដូច្នេះបើចង់ដឹងថាតើ​ព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះមានអ្វីខ្លះ សូមទស្សនាដូចខាងក្រោម៖

១៖ ប្រធានាធិបតី​កូរ៉េខាងត្បូងថ្មី ​លោក មូន ជេអ៊ីន បាននិយាយថា សង្រ្គាមជាមួយកូរ៉េខាងជើង មានលទ្ធភាពខ្ពស់ថាអាចនឹងផ្ទុះឡើង​ ដោយសារ តែសកម្មភាពបង្ករឿងឥតឈប់ឈរ របស់ទីក្រុងព្យុងយ៉ាង ​និងការដាក់ពង្រាយ​ប្រព័ន្ធខែលការពារមីស៊ីល THAAD ​នៅលើទឹក​ដី​​កូរ៉េ​ខាង​ត្បូងដែល លោកផ្ទាល់ធ្លាប់បង្ហាញពីគោលជំហរជំទាស់នឹងគំរោងនេះ កាលលោកស្រីផាក គឺនហេ នៅកាន់តំណែងជាប្រធានាធិបតី។ ប៉ុន្តែយ៉ាងណា លោក មូន ក៏ទំនងជាដឹងនៅក្នុងចិត្តយ៉ាងច្បាស់ដែរថា មាន THAAD កូរ៉េខាងជើងនឹងមិនហ៊ានធ្វើអ្វីផ្ដេសផ្ដាសឡើយ៕

​ ២៖ អាជ្ញាធរឧតុនិយមថៃ បានឱ្យដឹងថាទីក្រុងបាងកក​ និងបណ្តាខេត្តមួយចំនួន នៅភាគខាងជើង និងកណ្តាលប្រទេសថៃ បាននិងកំពុងប្រឈម មុខនឹងភ្លៀងធ្លាក់យ៉ាងខ្លាំង ដែលបង្កជាទឹកជំនន់​លិចផ្លូវថ្នល់ និងធ្វើឲ្យកក​ស្ទះចរាចរណ៍ ហើយភ្លៀងធ្លាក់នេះ ​ត្រូវបានគេព្យាករណ៍ថានឹងបន្ត រហូតដល់​ថ្ងៃព្រហស្បតិ៍នេះ៕

៣៖ ភ្នំភ្លើងល្បីឈ្មោះប្រចាំភាគខាងកើតប្រទេសរុស្ស៊ី ឈ្មោះ Klyuchevskoy បានផ្ទុះឡើងយ៉ាង​កក្រើកតែម្តងនៅថ្ងៃព្រហស្បតិ៍នេះ និងជះកម្អែល ផេះឡើងលើអាកាសកម្ពស់ ៦,០០០ម៉ែត្រឯណោះ ប៉ុន្តែវាមិនបានបង្កឲ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះឡើយ៕

៤៖ ធ្លាប់ឃើញមានតែនៅក្នុងរឿងភាគ តែនៅពេលនេះ សមាជិកគ្រួសារ​ញាតិវង្ស ព្រះចៅអធិរាជ​ជប៉ុន ព្រះនាងម្ចាស់ Mako ត្រូវបានប្រព័ន្ធផ្សព្វ ផ្សាយនៅក្នុងស្រុក រាយការណ៍ថា អាចនឹងបោះបង់​ខ្សែស្រឡាយ​រាជវង្ស ដើម្បីរៀបការជា​មួយបុរស​ជាជនសាមញ្ញម្នាក់​គឺលោក Kei Komuro ដែលព្រះនាង​បានស្គាល់អស់រយៈពេល​ជាង០៥ឆ្នាំមកនេះ។ យោងតាមច្បាប់រាជវង្សជប៉ុន ព្រះនាងម្ចាស់ Mako នឹងត្រូវចាកចេញពីគ្រួសារញាតិ វង្ស បើសិនជាទ្រង់រៀបការជាមួយលោក Komuro មែននោះ៕

៥៖ អ៊ីរ៉ង់ នៅថ្ងៃព្រហស្បតិ៍នេះ​ បានរិះគន់ ក៏​ដូចជាថ្កោលទោសធ្ងន់ៗ ចំពោះការ​ដាក់ទណ្ឌកម្ម​ របស់សហរដ្ឋ​អា​មេ​រិក​ មក​លើកម្មវិធីអភិវឌ្ឍន៍គ្រាប់ មីស៊ីលរបស់ខ្លួនដោយអះអាងថាទង្វើនេះនឹង​ប៉ះពាល់ដល់កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរជាមួយមហា​អំណាច​ពិ​ភព​លោកទាំង​០៦។ ទំនាក់ទំនាក់ រវាង ទីក្រុងវ៉ាស៊ីតោន និងទីក្រុងតេហេរ៉ង់ ជួបភាពតានតឹងឡើងវិញ ចាប់តាំងពីលោកត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក ជាពិសេសនៅក្រោយ លោកប្រកាសដាក់បម្រាមមិនឱ្យប្រជាជនមូស្លីម មកពីប្រទេសចំនួន០៦ ក្នុងនោះរួមមានទំាងអ៊ីរ៉ង់ ជាន់ដីអាមេរិក៕

៦៖ ជាមួយនឹងការបង្ហាញពីក្ដីព្រួយបារម្ភ ក្រសួងការបរទេសអាមេរិក ​ក៏បានទទួលស្គាល់ដែរថា អង្គរក្សប្រធានាធិបតី​តួកគី លោក Recep Tayyip Erdogan គឺជាអ្នកនៅពី​ក្រោយការប្រើ ប្រាស់​អំពើហិង្សា​លើក្រុមបាតុករឃើដ ដែលបាន​ប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងនឹង​ដំណើរទស្សនកិច្ច​របស់ លោក Erdogan មកកាន់ទីក្រុងវ៉ាស៊ីនតោន កាលពី​ថ្ងៃអង្គារ។ ប៉ុន្តែខាងសារព័ត៌មានតួកគី អះអាងថា អង្គរក្សលោក Erdogan បានសម្រចចិត្តចូលបំបែក ហ្វូងបាតុករ ដោយសារអាជ្ញាធរអាមេរិក មិនខ្វល់ពីសំណើអន្តរាគមន៍របស់តួកគី៕