(កាហ្សាក់ស្ថាន)៖ ប្រទេសរុស្ស៊ី អ៊ីរ៉ង់ និងតួកគី​បានចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នាមួយ ដើម្បីបង្កើតតំបន់សុវត្ថិភាព​ចំនួនបួនទីតាំង នៅក្នុងប្រទេសស៊ីរីហើយ ដែលការសម្រេចចិត្តនេះ​ធ្វើឡើងនៅក្នុងកិច្ចប្រជុំ​ពិសេសស្ដីពីវិបត្តិស៊ីរី ក្នុងទីក្រុងអាស្ដាណា ប្រទេសកាហ្សាក់ស្ថាន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ហើយវាក៏បានទទួលគាំទ្រយ៉ាងខ្លាំងពី លោក Antonio Guterres អគ្គលេខាធិការនៃអង្គការសហប្រជាជាតិផងដែរ។ នេះបើតាមសម្តីរដ្ឋមន្ត្រីការបរទេស​​កាហ្សាក់ស្ថាន លោក Kairat Abdrakhmanov ចុះផ្សាយបន្តដោយ​ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃសុក្រ ទី០៥ ខែឧសភា ឆ្នាំ២០១៧។

លោក Kairat Abdrakhmanov បានថ្លែងប្រាប់​អ្នកសារព័ត៌មាន​យ៉ាងដូច្នេះថា «បណ្ដារដ្ឋដែល​ធានាបទឈប់បាញ់ (រុស្ស៊ី អ៊ីរ៉ង់ និងតួកគី) បានសម្រេច​ចិត្តបង្កើតតំបន់​សុវត្ថិភាព​ក្នុងប្រទេសស៊ីរី ដើម្បីបញ្ឈប់​អំពើហិង្សា លើកកម្ពស់ស្ថានភាព​មនុស្សធម៌-​សិទ្ធិមនុស្ស និងបង្កើត​លក្ខខណ្ឌ​សមស្របសំដៅ ជំរុញដំណើរការ និងនយោបាយ​ផ្សះផ្សាជម្លោះ​នៅស៊ីរី»

លោក Kairat បញ្ជាក់ទៀតថា តំបន់សុវត្ថិភាព​ទំាង​០៤នេះ នឹងត្រូវបង្កើតឡើង​នៅក្នុងខេត្ត Idlib, ទីក្រុង Homs, ភាគខាងកើត និងខាងត្បូង​ទីក្រុង Ghouta ជាទីដែលការ​វាយប្រយុទ្ធគ្នារវាងកងកម្លំាង​រដ្ឋាភិបាលស៊ីរី និងក្រុមប្រឆាំងស៊ីរី​ត្រូវបញ្ឈប់។ ចំណែកឯ​បេសកជន​ពិសេស UN សម្រាប់ស៊ីរី លោក Staffan de Mistura និងរដ្ឋាភិបាលស៊ីរី​ក៏បានសាទរផងដែរ​ ចំពោះគំរោង​បង្កើតតំបន់ សុវត្ថិភាពនេះ ក៏ប៉ុន្តែក្រុម​ប្រឆាំងស៊ីរី​បានប្រកាសថា ពួកគេនឹង​មិនទទួលស្គាល់​គំរោងនេះឡើយ ត្បិតពួកគេ​យល់ថា វាជាការគំរាម​កំហែងដល់​បូរណភាពទឹកដី​ស៊ីរី។

គួរបញ្ជាក់ថា រុស្ស៊ី និងអ៊ីរ៉ង់ គំាទ្ររដ្ឋាភិបាល​របស់ប្រធានាធិបតី​ស៊ីរី លោក បាស្សា អាល់ អាស្សាដ រីឯតួកគី​គាំទ្រក្រុមប្រឆាំង​ស៊ីរី ខណៈសង្រ្គាម​រុំារ៉ៃក្នុង​រយៈពេលជាង០៦ឆ្នាំមកនេះ បានផ្ដាច់យកអាយុ​ជីវិតមនុស្ស​ជិត ៣២០,០០០នាក់៕