(ការ៉ាកាស)៖ មេដឹកនាំក្រុមចលនានិស្សិតម្នាក់ ក្នុងប្រទេសវេណេស៊ុយអេឡា ត្រូវបានគេបាញ់​សម្លាប់នៅ​ថ្ងៃព្រហស្បតិ៍ (ម៉ោងនៅក្នុងតំបន់អាមេរិកឡាទីន) នៅក្នុង​អំឡុងពិធី​ជួបជុំមួយ នៅឯសកលវិទ្យាល័យ​របស់ខ្លួន ដែលធ្វើឡើងក្រោមក្របខណ្ឌ​នៃបាតុកម្មតវ៉ា​របស់ក្រុមនិស្សិត​ ប្រឆាំងនឹងប្រធានាធិបតី លោក នីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Maduro) ព្រមទំាងគំរោង​ធ្វើវិសោធនកម្ម​រដ្ឋធម្មនុញ្ញថ្មី។ នេះបើតាមសម្តី​រដ្ឋអាជ្ញា​វេណេសុយអេឡា ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters​ នៅព្រឹកថ្ងៃសុក្រ ទី០៥ ខែឧសភា ឆ្នាំ២០១៧។

យោងតាម​ប្រភពដដែល មេដឹកនាំក្រុមនិស្សិត​វេណេស៊ុយអេឡា លោក ហូសេ ឡូប៉េស ម៉ាន់ហារ៉េស (Jose Lopez Manjares) អាយុ៣៣ឆ្នាំ បានចូលរួម​នៅក្នុងពិធីជួបជុំ​ក្រុមនិស្សិតនៅឯភាគ​ខាងជើងនៃរដ្ឋ Anzoate។ ក៏ប៉ុន្តែក្នុងពេល​នោះដែរ បុរសម្មាក់ស្រាប់តែ​ដើរទៅជិត ហើយក៏ទាញ​កាំភ្លើងបាញ់​ស្រោចជាច្រើនគ្រាប់​លើរូបលោក បណ្ដាលឱ្យលោកស្លាប់​នៅនឹងកន្លែង រីឯមនុស្ស០៣នាក់ផ្សេងទៀត​ក៏បានរងរបួស​ផងដែរ មុននឹង​រូបគេរត់គេចខ្លួន​បាត់តាមម៉ូតូ​មួយគ្រឿង។

ដោយឡែកជុំវិញបញ្ហា​បាតុកម្មតវ៉ា រាប់ចាប់តាំងពី​ខែមេសាមក ចំនួនអ្នកស្លាប់​នៅក្នុងការប៉ះទង្គិចគ្នា​ដោយហិង្សា រវាងក្រុម​បាតុករ និងអាជ្ញាធរ​បាន កើនឡើងដល់​៣៦នាក់​ហើយ ខណៈក្រុមបណ្ដា​ប្រទេសអាមេរិកឡាទីន​ចំនួន០៨ មាន​អាហ្សង់ទីន​ ប្រេស៊ីល កូឡុំប៊ី កូស្ដារីកា ក្វាតេម៉ាឡា ហុងដូរ៉ាស់ ម៉ិចស៊ីកូ និង​ប៉ារ៉ាហ្កាយ បានចេញមុខ​ថ្កោលទោស ក៏ដូចជាជំរុញ​ឱ្យរដ្ឋភិបាល លោក នីកូឡាស់ ម៉ាឌូរ៉ូ គោរពសិទ្ធិរបស់ប្រជាជនខ្លួន៕