(បាងកក)៖ ទាយាទស្នងតំណែងកេរ្តិ៍មរតក នៃក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង Red Bull ជាជន​ដែល​អាជ្ញាធរ​តាម​ស្វែង​រក​ចាប់​ខ្លួន​នៅ​ក្នុងប្រទេសថៃ ជុំវិញសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ បុកមនុស្សស្លាប់ហើយរត់គេចខ្លួនដ៏រន្ធត់កាលពីឆ្នាំ២០១២នោះ ​បាន​​ចាកចេញពីប្រទេសសិង្ហបុរី ក្រោយពីបានបន្សល់ទុកយន្តហោះធ្វើដំណើរផ្ទាល់ខ្លួនចោល។ នេះ​បើ​តាម​​ការ​​ចេញ​​​ផ្សាយ​ដោយ​សារ​ព័ត៌មាន BBC នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៤ ខែឧសភា ឆ្នាំ២០១៧។

យោងតាមសមត្ថកិច្ចថៃលោក Vorayuth Yoovidhya ហៅ Boss ស្ថិតក្នុងវ័យ៣១ឆ្នាំ បានធ្វើដំណើរចាកចេញពីប្រទេស​​កំណើតរបស់ខ្លួន​មក​កាន់​សិង្ហបុរី កាល​ពី​ថ្ងៃទី២៥ ខែមេសាកន្លងទៅនេះ ពោលគឺរយៈពេលចំនួនពីរថ្ងៃ មុន​លោក​ត្រូវ​បាន​បង្គាប់ឲ្យចូលខ្លួននៅ​ចំពោះ​មុខ​ព្រះ​រាជ​អាជ្ញាធរ ដើម្បីទទួលពាក្យបណ្តឹងជាផ្លូវការ។

ប៉ូលិសថៃបានឲ្យដឹងទៀតថា លោក Vorayuth បានធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី តាមយន្តហោះឯកជន និងបានស្នាក់​នៅទីនោះអស់រយៈពេលពីរថ្ងៃ ដោយនៅថ្ងៃទី២៧ ខែមេសា លោក Vorayuth បានចាកចេញពីសិង្ហបុរី ខណៈយន្តហោះ​​ផ្ទាល់ខ្លួនរបស់លោកនៅទីនោះដដែល។

កាលពីថ្ងៃសុក្រសប្តាហ៍មុននេះតុលាការប្រទេសថៃ បានសម្រេចចេញដីកាចាប់ខ្លួនលោក Vorayuth ហើយ ​កម្លាំងសមត្ថកិច្ចក៏បានស្នើដល់ ក្រសួងការបរទេសថៃឲ្យដកហូតសុពលភាព នៃលិខិតឆ្លងដែនរបស់លោក Vorayuyth ផង​ដែរ។ លោក Vorayuth Yoovidhya បានរងការចោទប្រកាន់ ពីបទបើកបរលើសល្បឿនកំណត់, បើកបុកហើយរត់គេចខ្លួន និងបើកបរគ្មានការប្រុងប្រយ័ត្ន ដែលបានបណ្តាលឲ្យមន្រ្តីប៉ូលិសម្នាក់ បាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយកាល​ពីឆ្នាំ២០១២ នៅពេលដែលរថយន្តទំនើប Ferrari របស់លោក Vorayuth បានទៅបុកមន្រ្តីប៉ូលិសរូបនោះដែលកំពុងជិះនៅ​លើម៉ូតូ ក្នុងទីក្រុងបាងកក ហើយបានជិះរត់គេចខ្លួន ដោយអូសជនរងគ្រោះកកិតនឹងថ្នល់អស់ជាច្រើនម៉ែត្រ៕