(ប៉េកាំង)៖ ទីក្រុងប៉េកាំងបាននិយាយថា ខ្លួននៅតែចង់ធ្វើជាអ្នកជិតខាងល្អ​ជាមួយទីក្រុងព្យុងយ៉ាង ហើយដែលការលើកឡើងបែបនេះ ធ្វើឡើង​បន្ទាប់ពីទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរិះគន់ដោយផ្ទាល់ និងកម្របំផុតលើទីក្រុងប៉េកាំង សម្រាប់ការចូលរួម​ជាមួយសហរដ្ឋអាមេរិក​ក្នុង ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច​ប្រឆាំងនឹងខ្លួន។ នេះបើតាមការដកស្រង់ការផ្សាយដោយសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៤ ខែឧសភា ឆ្នាំ២០១៧។

ជុំវិញបញ្ហានេះ គឺសហរដ្ឋអាមេរិក​បានជំរុញចិន​ម្ដងហើយម្ដងទៀត ឱ្យប្រើប្រាស់​ឥទ្ធិពលរបស់ខ្លួន ទប់ស្កាត់សកម្មភាព​បង្ករឿងរបស់​កូរ៉េខាងជើង ប៉ុន្តែព្រមពេលជាមួយគ្នា​ទីក្រុងវ៉ាស៊ីនតោន បានដាក់ឱ្យ​ដំណើរការប្រព័ន្ធ​ខែលការពារ​មីស៊ីល THAAD និងដាក់ពង្រាយ​នាវាចម្បាំង រួមទំាងនាវាផ្ទុក​យន្ដហោះ USS Carl Vinson នៅ​កូរ៉េខាងត្បូង ហើយ ដែលនេះ​អាចជាមូលហេតុ​ជំរុញឱ្យទីក្រុង​ប៉េកាំង បង្ខំចិត្ត​ព្រមានដាក់​ទណ្ឌកម្ម​ឯកតោភាគីប្រឆាំង​ទីក្រុងព្យុងយ៉ាង បើសិនជានៅតែមានះ​ធ្វើតេស្ដ អាវុធនុយក្លេអ៊ែរ​សាជាថ្មីនោះ។

ទោះជាបីជាយ៉ាងនេះក្ដី ថ្លែងទៅកាន់ក្រុម​អ្នកសារព័ត៌មាន​ក្នុងទីក្រុងប៉េកាំង នៅថ្ងៃព្រហស្បតិ៍នេះ អ្នកនាំពាក្យ​ក្រសួង​ការបរទេសចិន លោក Geng Shuang បានគូសបញ្ជាក់​យ៉ាងដូច្នេះថា «គោលជំហរ​របស់ចិន ទាក់ទិននឹងការ​អភិវឌ្ឍចំណងមិត្តភាព ក្នុងនាមជាអ្នកជិតខាងល្អ​ជាមួយកូរ៉េខាងជើង នៅតែដដែល និងមានភាព​ច្បាស់លាស់ (...) ក៏ប៉ុន្តែ​ទីក្រុងប៉េកាំង​ក៏នៅតែ​រក្សាផងដែរ នូវគោលជំហរគ្មាន​អាវុធនុយក្លេអ៊ែរ​នៅលើ​ឧបទ្វីបកូរ៉េ ក៏ដូចជាថែ​រក្សាសន្តិភាព និងសន្តិសុខ ព្រមទំាងដោះស្រាយ​បញ្ហាដោយសន្តិវិធី​តាមរយៈកិច្ចចរចា»

គួររំលឹកថា កាលពីខែកុម្ភៈកន្លងទៅ ទីក្រុងព្យុងយ៉ាង​ក៏បានរិះគន់ទីក្រុង​ប៉េកាំងផងដែរ ចំពោះ​ការសម្រេចចិត្ត​ផ្អាកការនាំចូលធ្យូងថ្ម​ពីកូរ៉េខាងជើង ដោយចាត់​ទុកថា ទង្វើនេះគឺជាការ​ធ្វើតាមការ​បង្គាប់បញ្ជា​របស់សហរដ្ឋអាមេរិក​តែប៉ុណ្ណោះ និងថែមទាំងរិះគន់ថា ចិនជាមិត្តដែលមិនស្មោះត្រង់​ទៀតផង។ ប៉ុន្តែផ្អែកលើ​ផលប្រយោជន៍រួម ទំាងកូរ៉េខាងជើង និងចិនសុទ្ធតែដឹងយ៉ាង​ច្បាស់រៀងៗខ្លួនថា ពួកគេមិន​អាចខ្វះនរណាម្នាក់​បានឡើយ បើចង់ទប់ស្កាត់​ឥទ្ធិពលអាមេរិក​នៅក្នុងតំបន់៕