(អង់ការ៉ា)៖ តួកគី គ្មានអ្វីត្រូវនិយាយ ឬក៏ពិភាក្សា ក្រៅតែពីនឹងនិយាយ «ពាក្យលាគ្នា» ទៅកាន់សហភាពអឺរ៉ុប បើសិនជាប្លុកមួយនេះមិនព្រម បើកទំព័រថ្មី នៃកិច្ចចរចារដើម្បីទទួលយកទីក្រុងអង់ការ៉ា ជាសមាជិកទេនោះ។ នេះគឺជាការលើកឡើងរបស់ប្រធានាធិបតីតួកគី លោក រីស៊ីប តាយយ៉ីប អឺដូហ្កាន់ ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន R​euters នៅថ្ងៃអង្គារ ទី០២ ខែឧសភា ឆ្នាំ២០១៧។

ថ្លែងនៅក្នុងសុន្ទរកថា នៅឯទីក្រុងអង់ការ៉ា លោក អឺដូហ្កាន់ បានបញ្ជាក់ចំៗដូច្នេះថា៖ « អ្នក (សហភាពអឺរ៉ុប) គ្មានជំរើសអ្វីផ្សេងក្រៅតែបើក ទំព័រថ្មី ដែលអ្នកមិនបានបើកវា។ បើសិនជាអ្នកបើកវា វាគឺរឿងល្អណាស់ ក៏ប៉ុន្តែបើអ្នកមិនធ្វើដូច្នោះ នោះតួកគី នឹងនិយាយពាក្យលាគ្នា»។ កិច្ចចរចាសុំចូលជា សមាជិក រវាងសហភាពអឺរ៉ុប និងតួកគី បានជាប់គាំងចាប់តំាងពីមាន រដ្ឋប្រហារមិនបានសម្រេចនៅតួកគី កាលពីឆ្នាំ២០១៦ មកម្ល៉េះ ហើយភាពតានតឹង កាន់តែកើនឡើង ក្រោយទីក្រុងអង់ការ៉ា បោះឆ្នោតប្រជាមតិលើវិសោតនកម្មរដ្ឋធម្មនុញ្ញកាលពីខែមេសា ដោយសហភាព អឺរ៉ុប បានរិះគន់យ៉ាងខ្លាំង ចំពោះការបោះឆ្នោតនេះ ត្បិតពួកគេយល់ថាវាអាចនឹងធ្វើឱ្យតួកគី ធ្លាក់ចូលក្នុងរបបផ្ដាច់ការ ខណៈរដ្ឋធម្មនុញ្ញថ្មីនឹងផ្ដល់ អំណាចរឹតតែខ្លាំង ជាងមុនដល់លោក អឺដូហ្កាន់។    

គួរបញ្ជាក់ថា ការលើកឡើងខាងលើ របស់លោក អឺដូហ្កាន់ ធ្វើឡើងបន្ទាប់ពីឧត្ដមស្នងការអឺរ៉ុប ទទួលបន្ទុកបញ្ចូលសមាជិកសហភាពអឺរ៉ុប លោក Johannes Hahn បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថាតួកគីក្រោមការគ្រប់គ្រងរបស់លោក អឺដូហ្កាន់ មិនគួរត្រូវបានអនុញ្ញាតឱ្យចូល ជាសមាជិកសហភាពអឺរ៉ុបនោះឡើយ៕