(​ប៉ារីស)៖ មនុស្ស០៥នាក់ត្រូវបានចាប់ខ្លួន នៅក្នុងក្របខណ្ឌនៃប្រតិបត្តិការប្រឆាំងភេរវកម្ម នៅក្នុងទីក្រុងចំនួន០៣ នៃប្រទេសបារាំង នៅថ្ងៃអង្គារនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានបារាំង Le Figaro នៅថ្ងៃអង្គារ ទី០២ ខែឧសភា ឆ្នាំ២០១៧។​

ព័ត៌មានដដែលបានឱ្យដឹងដែរថា ការចាប់ខ្លួននេះ ធ្វើឡើងនៅក្នុងទីក្រុង Villeneuve-d'Ascq, Roanne និងទីក្រុង Rouen ខណៈអាវុធធន់ធ្ងន់ មួយចំនួន ក៏ត្រូវបានរឹបអូស ផងដែរនៅឯតំបន់ Seine-Maritime។

ការចាប់ខ្លួននេះធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុននឹងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបារាំងជុំទី០២ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃអាទិត្យ ទី០៧ ខែឧសភា ខាងមុខនេះ។ រីឯក្រសួងការបរទេសអាមេរិក ក៏បាន ចេញសេចក្ដីព្រមាន ដល់ប្រជាជនរបស់ខ្លួនឱ្យមានការ ប្រុងប្រយ័ត្នខ្ពស់ នៅពេលធ្វើដំណើរទៅកាន់បណ្ដាប្រទេសអឺរ៉ុប ត្បិតហានិភ័យនៃការវាយប្រហារភេរវកម្មនៅអឺរ៉ុប កំពុងកើនឡើងកាន់តែខ្លាំង៕