(កាប៊ុល)៖ បន្ទាប់ពីបានទម្លាក់គ្រាប់បែកដ៏មានឥទ្ធិពល ទៅលើអ្នកប្រយុទ្ធក្រុម ISIS និង​ការតាម​ប្រមាញ់​មេដឹក​នាំ​ជាន់ខ្ពស់​របស់ក្រុមសកម្មប្រយុទ្ធនេះ យោធាអាមេរិកកំពុងព្យាយាមបោសសម្អាតសាខា ក្រុមរដ្ឋអ៊ីស្លាម ISIS នៅ​ក្នុងប្រទេស​អាហ្វ​​ហ្គា​នី​ស្ថាន ​ចេញឲ្យអស់ទាំងស្រុងតែម្តង នៅមុនពេល​កម្លាំងជំនួយរបស់ពួកគេ​ពីស៊ីរី និងអ៊ីរ៉ាក់មកដល់ទីនេះ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអង្គារ ទី០២ ខែឧសភា ឆ្នាំ២០១៧។

លោក Bill Salvin អ្នកនាំពាក្យយោធាអាមេរិក​ ប្រចាំនៅអាហ្វហ្គានីស្ថានបានឲ្យដឹងថា វត្តមានរបស់ក្រុម ISIS នៅក្នុង​ប្រទេសអាស៊ីខាងត្បូងមួយនេះ ធ្លាប់បានកើនដល់​នៅចន្លោះពី ២,៥០០នាក់ទៅ ៣,០០០នាក់ ក៏ប៉ុន្តែកត្តារត់ចោលជួរ និង​ការ​បាត់បង់​ជីវិតនៅក្នុង​សមរភូមិប្រយុទ្ធនា​ពេលថ្មីៗនេះ បានកាត់បន្ថយចំនួនពួកគេ នៅសល់ច្រើនបំផុតត្រឹម ៨០០នាក់​តែ​ប៉ុណ្ណោះ។

លោក Salvin បាន​ប្រាប់ក្រុមអ្នក​សារព័ត៌មានដូច្នេះថា «យើងមានឱកាសល្អ​ខ្លាំងណាស់ ដើម្បីកម្ចាត់ពួកគេ​ទាំងស្រុង​​ នៅក្នុងឆ្នាំ២០១៧នេះតែម្តង ដើម្បីបញ្ជាក់ជា​សញ្ញាយ៉ាងច្បាស់ថា នៅពេលដែល​ក្រុមសកម្ម​ប្រយុទ្ធ ISIS ដែលត្រូវគេបោស​សម្អាតនៅ​កន្លែងផ្សេងៗទៀត​ទូទាំងពិភពលោក​នោះ ទីនេះពុំមែន​ជាកន្លែងសម្រាប់​ពួកគេរត់ភៀស​ខ្លួន​មក​ធ្វើការជ្រកកោណ​ ដើម្បីរៀបចំ​គម្រោងវាយប្រហារ​ណាមួយបាន​ឡើយ»។

គួរបញ្ជាក់ថា សម្ព័ន្ធក្រុម ISIS នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានកកើតឡើងកាលពីឆ្នាំ២០១៥ ហើយពួកគេបាន​កាន់កាប់​គ្រប់គ្រងតាមផ្នែកធំៗ​ជាច្រើននៃខេត្ត Nangarhar និង Kunar នៅក្បែរព្រំដែនភាគខាងកើត​ជាប់ប្រទេស​​ប៉ាគីស្ថាន៕