(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ នឹងស្វាគមន៍ព្រមទាំងរីករាយជានិច្ច ដើម្បីធ្វើការងារជាមួយ​អនាគតមេដឹកនាំ​ប្រទេសបារាំងថ្មី ដែលត្រូវបានជ្រើសរើសដោយប្រជាជន មិនថាជាលោក Emmanuel Macron ឬមួយ​ក៏លោកស្រី Marine Le Pen នោះ​ឡើយ។ នេះបើតាម​ការដកស្រង់ការផ្សាយពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០១៧។

អ្នកនាំពាក្យ​សេតវិមាន​លោក Sean Spicer បានថ្លែងឲ្យ​ដឹងយ៉ាងដូច្នេះថា «វាស្រេចតែ​ទៅលើប្រជាពលរដ្ឋ​នៃប្រទេសបារាំង​នោះទេ ដែលជា​អ្នកមានសិទ្ធិ​ជ្រើសរើសថា​ តើមេដឹកនាំថ្មី​របស់ពួកគេគឺ​ជានរណា។ យើងនឹងគោរព​តាមការសម្រេចចិត្ត​របស់ពួកគេ ដែលនឹងធ្វើឡើង​ជាចុង​ក្រោយ​នាខែឧសភាខាងមុខនេះ ហើយតួនាទី​របស់យើងគឺ​ចូលរួមសហការ​ជាមួយបេក្ខភាព​ណាក៏ដោយ ដែលប្រជាជាតិ​បារាំង​បានជ្រើស​រើស»

គួរបញ្ជាក់ថា បន្ទាប់ពីបាន​ឆ្លងផុតការបោះឆ្នោត​ជម្រុះដោយ​ជោគជ័យ លោកស្រី Le Pen និងលោក Macron ​ត្រូវនឹងប្រឈមមុខ​ដាក់​គ្នា​ជាថ្មី​​ម្ដង​ទៀត នៅក្នុងការបោះឆ្នោតជុំទី០២ ដែលជាជាជុំ​សម្រេចចុង​ក្រោយ នាថ្ងៃទី០៧ ខែឧសភា។ ដោយឡែក​បើតាមការស្ទង់មតិ​ជាច្រើន លោក Emmanuel Macron អាចនឹងផ្តួល​លោកស្រី Marine Le Pen នៅក្នុងការ​បោះឆ្នោតនេះ។ ទោះបីជាបែបនេះ​ក្តីគេមិនអាចមើលរំលងបាន​ឡើយ ​ពី​វោ​ហា​ស័ព្ទបែប​ស្នេហា​ជាតិ របស់អ្នក​នយោបាយស្ដាំ​និយមជ្រុលគឺលោកស្រី Le Pen ដែលកំពុងចាក់ចំ​បញ្ហាដែលបារាំងផ្ទាល់ដែលកំពុងប្រឈម​មុខ​ដូច​ជា​វិបត្តិ​ជន​ភៀស​ខ្លួន និងការវាយប្រហារ​ដោយភេរវកម្ម​ជាដើម៕