(វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់​សេតវិមានម្នាក់បាននិយាយថា ការបាញ់សាកល្បង​មីស៊ីលផ្លោង របស់កូរ៉េខាងជើងនៅព្រឹកថ្ងៃពុធនេះ គឺជាការធ្វើតេស្ដស្ទាបស្ទង់ទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក ពោលគឺទីក្រុងព្យុងយ៉ាងចង់ដឹងថា តើចិននឹងបញ្ចេញប្រតិកម្មយ៉ាងណា ខណៈប្រធានាធិបតីចិនលោក ស៊ី ជិនពីង នឹងផ្ដើមបំពេញដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍ស្អែក។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី០៥ ខែមេសា ឆ្នាំ២០១៧។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ​ស្ដីពីជំនួបរវាងលោក ស៊ី និងលោក ត្រាំ មន្ត្រីរូបនេះ​ដដែល បានបញ្ជាក់​យ៉ាងដូច្នេះថា «ប្រធានាធិបតីអាមេរិកមើលឃើញថា ជំនួបកំពូល​ជាមួយប្រធានាធិបតី​ចិន គឺជាជំហ៊ាន​ថ្មីមួយ​នៃការតម្រង់ទិស​ទំនាក់ទំនង​អាមេរិក-ចិន ហើយថា​លោកចង់ឲ្យមានទំនាក់ទំនង​សេដ្ឋកិច្ចប្រកបដោយ​ តម្លាភាព តុល្យភាព និងឈរគោលការណ៍​ផ្ដល់ប្រយោជន៍​ឱ្យគ្នាទៅវិញ​ទៅមក»

គួរបញ្ជាក់ថាកូរ៉េខាងជើង​បានបាញ់សាកល្បង​មីស៊ីលផ្លោង​មួយគ្រាប់ ដោយហោះបាន​ក្នុងចំងាយ​ ៦០គីឡូម៉ែត្រ នៅម៉ោងជាង ៦៖៤២នាទីព្រឹក​ចេញពីតំបន់ Sinpo នៃខេត្ត Hamgyong ឆ្ពោះទៅកាន់​សមុទ្រជប៉ុន។ ដោយឡែក​បើតាមទីបញ្ជាការ​អាមេរិកប្រចាំ​តំបន់ប៉ាស៊ីហ្វិក មីស៊ីល ដែលកូរ៉េខាងជើង​បានធ្វើតេស្ដ​គឺជាប្រភេទ​មីស៊ីលរយៈចំងាយ​មធ្យម Pukguksong-2 ឬ​គេស្គាល់ថា KN-15។ ក៏ប៉ុន្តែភ្លាមៗ​ពុំទាន់មានការ​បញ្ជាក់ថា​ ការធ្វើតេស្ដមីស៊ីលនេះ​ទទួលបាន​ជោគជ័យ ឬយ៉ាងណា​នោះទេ៕