(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានចាកចេញពីទីក្រុងប៉េកាំងហើយ ដើម្បីបំពេញដំណើរ ទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសហ្វាំងឡង់ មុននឹងលោកត្រូវបន្តទៅជួបប្រធានាធិបតីអាមេរិកលោក ដូណាល់​ ត្រាំ នៅឯរមណីយដ្ឋាន Ma-a-Lago ក្នុងរដ្ឋផ្លូរីដា នៃសហរដ្ឋអាមេរិក។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅល្ងាចថ្ងៃអង្គារ ទី០៤ ខែមេសា ឆ្នាំ២០១៧។

យោងតាមក្រសួងការបរទេសចិនតបតាមការអញ្ជើញរបស់ ប្រធានាធិបតីហ្វាំងឡង់ លោក Sauli Niinisto និងលោក ដូណាល់ ត្រាំ លោក ស៊ី នឹងចាប់ផ្ដើមបំពេញទស្សនកិច្ចផ្លូវ​រដ្ឋក្នុងប្រទេស​ហ្វាំងឡង់ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែមេសា ហើយលោកនឹង​ត្រូវជួបពិភាក្សា​ការងារជាមួយប្រធានាធិបតី​អាមេរិក នៅថ្ងៃទី០៦​ដល់ថ្ងៃទី០៧ ខែមេសា នៅរមណីយដ្ឋាន Ma-a-Lago ក្នុងរដ្ឋផ្លូរីដា ភាគអាគ្នេយ៍អាមេរិក។

គួរបញ្ជាក់ថា​លោក ស៊ី ជិនពីង និងភរិយាគឺលោកស្រី Peng Liyuan រួមទំាងមន្ត្រី​អ្នកមុខអ្នកការចិនជាច្រើននាក់ បានចាកចេញពី​ទីក្រុងប៉េកាំង​នៅថ្ងៃអង្គារ នេះ ហើយអ្វី​ដែលគេគ្រប់គ្នាកំពុង​ទន្ទឹមរង់ចាំ​មើលនោះគឺ ជំនួបរវាង​លោក ស៊ី និងលោក ត្រាំ ខណៈគេរំពឹងថា​ប្រធានបទសំខាន់​ដែលអ្នកទំាងពីរ​ត្រូវជជែកគ្នា មានដូចជា​ទំនាក់ទំនង​ពាណិជ្ជកម្ម សំណុំរឿង​កូរ៉េខាងជើង និងមហិច្ឆតា​របស់ចិននៅតំបន់​សមុទ្រចិនខាងត្បូង​ជាដើម៕