(ដាម៉ាស់)៖ ចំនួនប្រជាជនស៊ីវិលស្លូតត្រង់ស្លាប់កើនដល់ ៣៥នាក់ នៅក្នុងនោះមានកុមារ ០៩នាក់ផងដែរ នៅក្នុងការវាយ​ប្រហារ​តាម​ផ្លូវ​អាកាសមួយនៅថ្ងៃអង្គារនេះ ដែលបានបញ្ចេញឧស្ម័នគីមីពុលទៅលើក្រុង​មួយកន្លែងនៅភាគ​ពាយ័ព្យនៃប្រទេសស៊ីរី។ នេះបើតាមការ​អះ​អាង​ដោយអង្គការ​​ឃ្លាំងមើលសិទ្ធិមនុស្ស ប្រចាំក្នុងប្រទេសតំបន់​មជ្ឈិម​បូព៌ាមួយនេះ ដែលត្រូវបានដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅ​​មុន​នេះបន្តិចនាល្ងាចថ្ងៃអង្គារ ទី០៤ ខែមេសា ឆ្នាំ២០១៧។

ប្រភពដដែល​បានឲ្យដឹងទៀតថា មនុស្សដែលបាន​ស្លាប់នៅក្នុងក្រុង Khan Sheikhun នៃខេត្ត Idlib គឺដោយសារ​តែថប់ដង្ហើម​បូករួមជាមួយ​ឥទ្ធិពល​របស់ឧស្ម័ននោះ បន្ទាប់ពីកង​យន្តហោះចម្បាំង​របស់កងទ័ព​រដ្ឋាភិបាលស៊ីរី ឬមួយក៏អាច​ជារបស់​ប្រទេសរុស្ស៊ី បានបើក​ការវាយ​លុកទៅលើ​តំបន់ដែលស្ថិត​ក្រោមការគ្រប់គ្រង​របស់ឧទ្ទាមនេះ។

គួរបញ្ជាក់ថា​ក្រុមឃ្លាំងមើលខាងលើ ដែលមានមូលដ្ឋាន​នៅចក្រភពអង់គ្លេស មិនទាន់អាច​អះអាងឲ្យច្បាស់ពី​ប្រភេទ​នៃ​​សារ​ធាតុ​គីមីនោះ​នៅ​ឡើយទេ ខណៈរដ្ឋាភិបាលស៊ីរី​តាំងពីដើមរៀងមក​តែងតែបាន​ច្រានច្រោល​ជាដដែលៗ ចំពោះ​ការ​ចោទខ្លួនថា​បានប្រើប្រាស់សព្វាវុធ​បែបនេះ៕