(មូស្គូ)៖ អាជ្ញាធររុស្ស៊ីបានឱ្យដឹងថាចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហារដោយបំផ្ទុះគ្រាប់បែក នៅឯស្ថានីយ៍រថភ្លើងក្រោមដីក្នុងទីក្រុង St Petersburg កាលពីថ្ងៃចន្ទ បានកើនដល់១៤នាក់ និង៤៩នាក់ផ្សេងទៀតបានរងរបួស ខណៈជនសង្ស័យម្នាក់ដែលថតជាប់ដោយកាមេរ៉ាសុវត្ថិភាព និងត្រូវបានគេជឿជាក់ថាជាអ្នកធ្វើសកម្មភាពវាយប្រហារនេះ ក៏ត្រូវបានកំណត់អត្តសញ្ញាណហើយដែរថា ជាពលរដ្ឋរុស្ស៊ីមកពីប្រទេសកៀហ្ស៊ីស៊ីស្តង់ (Kyrgyzstan)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃអង្គារ ទី០៤ ខែមេសា ឆ្នាំ២០១៧។

ជុំវិញការវាយប្រហារនេះដែរ ទីភ្នាក់ងារ​សន្តិសុខជាតិ Kyrgyzstan បានអះអាងថា ជនសង្ស័យខាងលើ​មានឈ្មោះថា Akbarzhon Jalilov កើតនៅឆ្នាំ១៩៩៥ នៅឯខេត្ត Osh នៃប្រទេសអាស៊ីកណ្តាលមួយនេះ។ ក៏ប៉ុន្តែទន្ទឹមគ្នានេះ ក៏មានសេចក្ដីរាយការណ៍​ផ្ទុយពីនេះថា បុរសម្នាក់នេះគឺជាជនបំផ្ទុះគ្រាប់បែក​អត្តឃាត ខណៈក្រុម អ្នកស៊ើប​អង្កេតរុស្ស៊ីបាន​ដាក់ការសង្ស័យថា​ ការវាយប្រហារ​ដោយបំផ្ទុះគ្រាប់បែក​កាលពីថ្ងៃចន្ទ អាចជាសកម្មភាព​ភេរវកម្ម បើទោះបីជាពុំទាន់មានក្រុមណា​មួយចេញមុខអះអាង​ទទួលខុសត្រូវ​ក៏ដោយ។

គួរបញ្ជាក់ថាស្ថានីយ៍រថភ្លើងទាំងពីរ Grazhdansky និង Devyatkino នៃស្ថានីយ៍ក្រោមដីក្នុងទីក្រុង St. Petersburg បានបើកទ្វារ​ឲ្យដំណើរការឡើងវិញហើយ នៅព្រឹកថ្ងៃអង្គារ បន្ទាប់ពីមានការត្រួតពិនិត្យ​យ៉ាងល្អិតល្អន់ និងធានាសុវត្ថិភាពទីភ្នាក់ងាររដ្ឋាភិបាល។ រីឯប្រព័ន្ធផ្សព្វផ្សាយរដ្ឋកៀហ្ស៊ីសីស្តង់ បានរាយការណ៍ថា អាជ្ញាធររបស់ខ្លួននឹងរក្សាទំនាក់ទំនងជាមួយទីភ្នាក់ងារស៊ើបការសម្ងាត់រុស្ស៊ី ក្នុងការស៊ើបអង្កេត៕