(ហាណូយ)៖ ប្រជានេសាទវៀតណាមបានបង្ហាញភាពត្អូញត្អែរ ក៏ដូចជាការខឹងសម្បារជាខ្លាំង ស្របពេលដែលពួកគេកំពុងព្យាយាមកសាង​ជីវភាពរស់នៅឲ្យប្រសើរ ដោយពឹងផ្អែកលើ​​ឆ្នេរ​សមុទ្រ​​ដែល​​ពោរ​​ពេញ​​ទៅ​​ដោយ​​សារ​​ធាតុ​គីមីពុល ពី​ព្រោះតែ​គ្រោះ​មហន្ត​រាយ​បរិស្ថាន​ដ៏​អាក្រក់​​បំផុត​​​មួយ​​របស់ប្រទេសអាស៊ានមួយនេះកាលពីឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះ​បន្តិចនារសៀលថ្ងៃអង្គារ ទី០៤ ខែមេសា ឆ្នាំ២០១៧។

ធនធានមានជីវិត​នៅក្នុងសមុទ្របានចាប់​ផ្តើមទទួលរង​ការការបំពុល កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៦ នៅក្បែររោងចក្រ​ដែកថែបមួយ​កន្លែង ដែលកំពុងត្រូវ​បានអភិវឌ្ឍន៍ឡើង​ដោយក្រុមហ៊ុន​របស់កោះតៃវ៉ាន់។ នៅក្នុងរយៈពេលតែ​ប៉ុន្មានសប្តាហ៍​ប៉ុណ្ណោះ ផ្ទៃឆ្នេរសមុទ្រ​ប្រ​វែង​ជាង ២០០គីឡូម៉ែត្រ ត្រូវបាននបំពុល​ដោយសាធារតុគីមី​ជាច្រើនប្រភេទ។

ប្រជានេសាទ​វៀតណាមបាន​ឲ្យដឹងថា កន្លែងដែលពួកគេ​ធ្លាប់តែចាប់បានត្រី​ដល់ទៅ១០-២០ក្បាល​កាលពីអតីតកាល នា​ពេល​នេះ​អាច​ចាប់​បាន​យ៉ាង​​ច្រើនមួយ ឬពីរក្បាលតែប៉ុណ្ណោះ ដោយសារតែត្រីធំៗស្ទើរតែទាំងស្រុង​បានងាប់អស់ ហើយនៅសល់​តែកូនត្រីតូចៗ ហើយ​ត្រី​ដែល​ចាប់​បានទាំងនោះ​ពេលខ្លះក៏ផ្ទុកដោយ​សាធាតុគីមីពុល​ថែមទៀត​។

សកម្មជនឈ្មោះ Dang Huu Nam បានលើកឡើងថា ដំបូងឡើយប្រជាជនមាន​ការខឹងសម្បារចំពោះ​ការដែលក្រុមហ៊ុន​តៃវ៉ាន់ Formosa បំពុលបរិស្ថាន​របស់ប្រទេស​វៀតណាម តែឥឡូវនេះពួក​គេកាន់តែក្តៅចិត្ត​ថែមទៀតចំពោះ​ការឆ្លើយតប​ ក៏ដូចជាដំណោះស្រាយ​មិន​ច្បាស់​លាស់​របស់អាជ្ញាធរ​ ជុំវិញការដោះស្រាយគ្រោះមហន្តរាយ​នេះ។

គួរបញ្ជាក់ថា​បើតាមប្រជាជនរស់នៅ​តំបន់រងផលប៉ះពាល់ផ្ទាល់ ប្រជានេសាទ​វៀតណាម​រាប់ពាន់នាក់​បានបង្ខំចិត្ត​បោះបង់ចោលមុខរបរនេះ ហើយទៅរក​ការងារនៅ​កន្លែងផ្សេង​ដើម្បីចិញ្ចឹម​ជីវិតវិញ។ ចំណេកឯ​ភ្ញៀវទេសចរ​វិញ មានការខ្លាចរអា​ចំពោះឆ្នេរសមុទ្រ​ដែលបានបាត់បង់​​កេរ្តិ៍របស់ពួកវា និងមុខជំនួញ​រកស៊ីក៏កំពុង​ប្រឈមមុខនឹង​បញ្ហាលំបាក​ជាច្រើន៕