(មូស្គូ)៖ ស្ថានីយ៍រថភ្លើងទាំងពីរ Grazhdansky និង Devyatkino នៃស្ថានីយ៍ក្រោមដីក្នុងទីក្រុង St. Petersburg បានបើកទ្វារដំណើរការឡើងវិញហើយ ក្រោយទទួលរងការវាយប្រហារបំផ្ទុះគ្រាប់បែក សម្លាប់មនុស្ស១១នាក់ និងរបួស៤៥នាក់កាលពីថ្ងៃចន្ទ ខណៈសារធាតុផ្ទុះមួយដាច់ដោយឡែក​ក៏ត្រូវបាន គេរកឃើញផងដែរ។ នេះបើតាមការ​ចេញផ្សាយដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែមេសា ឆ្នាំ២០១៧។

យោងតាម​អាជ្ញាធររុស្ស៊ី​ស្ថានីយ៍រថភ្លើងក្រោមដី​ទាំងពីរខាងលើ បានបើកដំណើរ​ការឡើងវិញ នៅម៉ោង​ប្រមាណ ៦៖៣៨​នាទីព្រឹក (ម៉ោងនៅ​ក្នុងតំបន់) បន្ទាប់ពី​មានការត្រួតពិនិត្យ​យ៉ាងល្អិតល្អន់រួចមក។ ទោះបីជាបែបនេះក្តី នៅពុំទាន់មានការបញ្ជាក់លម្អិត​ណាមួយ​នៅឡើយទេ​ពាក់ព័ន្ធនឹង​សារធាតុផ្ទុះ​ដែលគេរកឃើញ រីឯក្រុមអ្នកស៊ើបអង្កេតបានដាក់ការសង្ស័យថា ការវាយប្រហារនេះ​អាចជាភេរវកម្ម។

គួរបញ្ជាក់ថា​បើតាមទីភ្នាក់ងារ​សារព័ត៌មានរុស្ស៊ី Interfax និង Tass ជនសង្ស័យម្នាក់​ដែលថតជាប់​ដោយកាមេរ៉ាសុវត្ថិភាព ត្រូវបាន​ក្រុមអ្នក​ស៊ើបអង្កេត កំណត់អត្តសញ្ញាណ​ជំហ៊ានដំបូងថា​ ជាបុរសម្នាក់​មានអាយុខ្ទង់ ២០ឆ្នាំ និងមកពី​ប្រទេសក្នុង​តំបន់អាស៊ី​កណ្ដាល។ ក៏ប៉ុន្តែទន្ទឹមគ្នា​ក៏មានសេចក្ដីរាយ​ការណ៍ផ្ទុយពីនេះដែរថា បុរសម្នាក់នោះ​គឺជាជនបំផ្ទុះគ្រាប់​បែកអត្តឃាតតែម្តង៕