(វ៉ាស៊ីនតោន)៖ សភាអាមេរិកបានសម្រេចចិត្តអនុម័តស្ទើរតែជាឯកច្ឆ័ន នៅថ្ងៃចន្ទសប្ដាហ៍នេះ លើសេចក្ដីព្រាងច្បាប់មួយសំដៅដាក់បញ្ចូលកូរ៉េខាងជើង ទៅក្នុងបញ្ជីឈ្មោះរដ្ឋគាំទ្រក្រុមភេរវករសាជាថ្មី និងថ្កោលទោសការអភិវឌ្ឍកម្មវិធីមីស៊ីលផ្លោងអន្តរទ្វីប ICBM ហើយដែលនេះអាចជាសារមួយ បញ្ជាក់ពីគោលជំហររបស់ទីក្រុងវ៉ាស៊ីនតោន ផ្ញើជូនទីក្រុងប៉េកាំងមុននឹងប្រធានាធិបតីចិន លោក ស៊ី ជិនពីង បំពេញទស្សនកិច្ចមកកាន់សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្ដាហ៍នេះ។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែមេសា ឆ្នាំ២០១៧។

សេចក្ដីព្រាង​ច្បាប់ខាងលើ ត្រូវបានអនុម័ត​ក្នុងសំឡេង​គាំទ្រ ៣៩៨សំឡេងទល់នឹង ៣សំឡេងជំទាស់ រីឯដំណោះស្រាយស្ដីពី​ការអភិវឌ្ឍកម្មវិធី​មីស៊ីលផ្លោង​អន្តរទ្វីប ICBM របស់​កូរ៉េខាងជើង​ទទួលបានសំឡេង​គាំទ្រ ២៩៤ និង០១សំឡេង​ជំទាស់។ ជាងនេះ​ទៅទៀត ការអនុម័ត​លើសេចក្ដីព្រាង​ច្បាប់ដាក់បញ្ចូល​កូរ៉េខាងជើង ទៅក្នុងបញ្ជី​ឈ្មោះរដ្ឋគាំទ្រ​ភេរវករ ធ្វើឡើងយ៉ាង​ទាន់ហន់​បែបនេះ បន្ទាប់ពី​មានអំពើឃាតកម្ម​លើ លោក គីម ជុងណាំ បងប្រុស​ម្ដាយទីទៃ លោក គីម ជុងអ៊ុន នៅឯអាកាសយានដ្ឋាន​អន្តរជាតិ​ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពី​ថ្ងៃទី១៣ ខែកុម្ភៈ។ ទីក្រុងវ៉ាស៊ីនតោន និងសេអ៊ូល​បានចោទត្រង់ៗ​តែម្ដងថា របបដឹកនាំ​លោក គីម ជុងអ៊ុន ជាអ្នកនៅ​ពីក្រោយអំពើ​ឃាតកម្មនេះ បើទោះជាកូរ៉េខាងជើង​បដិសេធជាច្រើនដង​ក៏ដោយ។

គួរបញ្ជាក់ថា​សហរដ្ឋអាមេរិក​ធ្លាប់បានដាក់បញ្ចូល​កូរ៉េខាងជើង​ក្នុងបញ្ជីខ្មៅ ក្រោយចារកម្ម​កូរ៉េខាងជើង​ម្នាក់ ត្រូវបានគេ​សង្ស័យថា​ ជាអ្នកបំផ្ទុះគ្រាប់បែកបណ្តាលយន្ដហោះមួយគ្រឿងនៃក្រុមហ៊ុនអាកាសចរណ៍​កូរ៉េខាងត្បូង Korean Air ធ្លាក់កាលពីឆ្នា១៩៨៧ ក៏ប៉ុន្តែការសម្រេចនេះ​ត្រូវបានដកចេញ​វិញអនុឡោម​តាមកិច្ចព្រមព្រៀង​មួយ​ ស្ដីពីនុយក្លេអ៊ែរ​កាលពី​ឆ្នាំ២០០៨៕​