(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានបណ្ដេញរដ្ឋមន្ត្រីមហាផ្ទៃរបស់ខ្លួន ចេញពីតំណែងដោយសារតែរឿងពុករលួយ ជាពិសេសនោះគឺការធ្វើឱ្យបាត់បង់ការជឿជាក់ និងទំនុកចិត្ត ពីរដ្ឋាភិបាល។ នេះបើតាមសម្តីមន្ត្រីការិយាល័យប្រធានាធិបតីពីររូប ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែមេសា ឆ្នាំ២០១៧។

ការបណ្ដេញរដ្ឋ​មន្ត្រីមហាផ្ទៃ លោក Ismael Sueno ចេញពីតំណែង​ធ្វើឡើងនៅក្នុង​បរិបទដែលលោក ឌូតឺតេ កំពុងដឹកនាំ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំងនឹង គ្រឿងញៀន ឧក្រិដ្ឋកម្ម និងអំពើពុករលួយ ដើម្បីជំរុញកំណើន​សេដ្ឋកិច្ច ហើយតាមរយៈយុទ្ធនាការ​នេះដែរ​ប្រធានាធិបតីហ្វីលីពីន​មាត់ឆៅរូបនេះ ក៏ធ្លាប់បាន​ដកមន្ត្រីជាច្រើន​ក្នុងនោះរួមមានទំាងមន្ត្រីជាន់​ខ្ពស់ពីររូប ទទួលបន្ទុកអន្តោប្រវេសន៍ និងអតីតអ្នកនាំ​ពាក្យយុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់លោក ក៏ត្រូវបានបណ្ដេញចេញពី​ដំណែង​ផងដែរ ដោយសារតែអំពើ​ពុករលួយ។

ដោយឡែក​ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍​មួយ អ្នកនាំ​ពាក្យប្រធានាធិបតីហ្វីលីពីន លោក Ernesto Abella បាននិយាយថា «លោក ឌូតឺតេ បានបណ្ដេញ​រដ្ឋមន្ត្រីមហាផ្ទៃ លោក Ismael Sueno ចេញពី តំណែងដោយសារតែអំពើពុករលួយ ការធ្វើឱ្យបាត់បង់ការជឿជាក់ និងទំនុកចិត្ត​ពីរដ្ឋាភិបាល»។

គួរបញ្ជាក់ថា​នៅក្នុងបទសម្ភាសន៍​តាមវិទ្យុ រដ្ឋមន្ត្រី​យុត្តិធម៌ហ្វីលីពីន​ក៏បានទទួលស្គាល់ព័ត៌មាន​ដកតំណែង លោក Ismael Sueno ដែរ ក៏ប៉ុន្តែមិនបានបញ្ជាក់ឱ្យ​បានច្បាស់ពីមូលហេតុ​នៃការសម្រេចចិត្ត​របស់លោក ឌូតឺតេ នោះឡើយ៕